នៅថ្ងៃទី១៥ខែកញ្ញា ព្យុះ Muifaបានបោកបក់ចូលដល់ដីគោកក្នុងទីក្រុងសៀងហៃ និងតំបន់ភាគខាងកើតប្រទេសចិនដោយមានល្បឿនខ្យល់ដល់ទៅ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាលើកទីពីរហើយដែលព្យុះ Muifa ចូលដល់ក្នុងតំបន់នោះ ដោយមានភ្លៀងធ្លាក់ខ្លាំង ។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ មានពលរដ្ឋ១,៦លាននាក់រងផលប៉ះពាល់ដោយព្យុះខាងលើ។
សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះបានផ្សាយថា ខ្យល់បក់ខ្លាំងនិងមានភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនដែលមានប្រជាជនរស់នៅច្រើន នៅថ្ងៃទី១៥ខែកញ្ញានេះបន្ទាប់ពីព្យុះទីហ្វុង Muifa បង្ខំឱ្យមនុស្សចំនួន ១.៦ លាននាក់ ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងបិទជើងហោះហើរសំខាន់ៗរបស់អាកាសយានដ្ឋានទីក្រុងសៀងហៃ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា Muifa គឺជាព្យុះស៉ីក្លូនត្រូពិក ដែលមានឥទ្ធិពលខ្លាំងបំផុត គិតចាប់តាំងពីការធ្វើកំណត់ត្រាចាប់ផ្តើមនៅឆ្នាំ១៩៤៩។ ទោះជាយ៉ាងណា ភ្លាមៗនោះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីមនុស្សស្លាប់ឬរបួស ដោយគ្រោះធម្មជាតិនេះនៅឡើយទេ។ ប៉ុន្តែមនុស្សយ៉ាងហោចណាស់ចំនួន ៤២៦,០០០នាក់ ក្នុងទីក្រុងសៀងហៃត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈ ១.២ លាននាក់ ផ្សេងទៀតត្រូវបានបញ្ជូនទៅជម្រកបណ្តោះអាសន្ន នៅក្នុងខេត្ត Zhejiang ដែលស្ថិតនៅជិតទីក្រុងនេះ។
រលកធំៗត្រូវបានគេមើលឃើញថា កំពុងបោកបក់សន្ធាប់មកលើបណ្តោយឆ្នេរនៅជាប់ឈូងសមុទ្រ ហាងចូវ Hangzhou នៅភាគខាងត្បូងទីក្រុងសៀងហៃ ហើយមានគ្រោះបំណាក់ដីត្រូវបានរាយការណ៍ថា កើតឡើងនៅស្រុក Ninghai របស់ខេត្តហ្ស៉ីជាំង។
តាមការព្យាករនៅថ្ងៃព្រហស្បតិ៍នេះ បានចាត់ថ្នាក់ព្យុះទីហ្វុង Muifa ធ្លាក់មកនៅត្រឹមជាព្យុះត្រូពិកខ្លាំងមួយ ប៉ុន្តែវានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងការជន់លិចភ្លាមៗនៅទូទាំងខេត្តមួយចំនួន ខណៈដែលព្យុះនេះបាននិងកំពុងរំកិលទៅភាគខាងជើង ឆ្លងកាត់ខេត្តជាប់ឆ្នេរសមុទ្រ ដែលមានប្រជាជនរស់នៅច្រើន៕ ដោយធីរីណា
រូបថត :REUTERS