ភ្នំពេញ៖ ក្រុមការងារ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូ (AC) កំណាត់ផ្លូវជាតិលេខ២ ប្រវែងជិត៥គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ខណៈកំណាត់ផ្លូវនេះមានការខូច ខាត ពិបាកក្នុងការធ្វើដំណើរ ហើយក៏ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹង នៅព្រឹកថ្ងៃ១៦កញ្ញាឆ្នាំ២០២២ នេះថា៖ អនុវត្តតាមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាល ពីពេលថ្មីៗនេះ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងបើកការរដ្ឋានជួស ជុលគ្រឹះនឹងអ៊ុតកៅស៊ូ (AC) កំណាត់ ផ្លូវជាតិលេខ២ ដែលមានប្រវែង ៤គីឡូម៉ែត្រកន្លះ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញនឹងខេត្តកណ្ដាល) ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដ្ឋាននេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២២ ហើយគ្រោងនិងបញ្ចប់នៅថ្ងៃទី៣០ កញ្ញាឆ្នាំ២០២២ ពោលគឺប្រើប្រាស់ពេលវេលា១ខែគត់ ដើម្បីធ្វើអោយកំណាត់ផ្លូវនេះ មានសោភណ្ឌភាពនិងធ្វើអោយប្រជាពលរដ្ឋអាចធ្វើដំ ណើរទៅមកបានស្រួល។
សូមបញ្ជាក់ថា៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៩សីហា២០២២ កន្លងមកនេះ លោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែលដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើនិងអង្រែក្រោមខណ្ឌមានន័យ ហើយការណោះ លោកអភិបាលរាជធានី បានធ្វើការណែនាំអោយមន្ត្រីជំនាញនិងអាជ្ញាធរដែលដី រៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូជាតិលេខ២នេះអោយបានល្អ ដោយមិនអោយមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ និងជួសជុលមើលថែផ្លូវ ក្រលុកសំបុកមាន់ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួល៕
ដោយ៖សំរិត