ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឫលក់ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ TM99 Branding Shop កំពុង ផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និងផលិតផលផ្សេងៗទៀតគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និងឈប់ប្រើប្រាស់ផលិតផលឱសថគ្មានលេខ បញ្ញិកាខាងលើជាបន្តទៀត។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM នេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និងផលិតផលគ្មានលេខបញ្ញិកាផ្សេងៗទៀត ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលឱសថឈ្មោះPSORIASIS CONTROL MOISTURIZER CREAM និងផលិតផលគ្មានលេខបញ្ញិកាផ្សេងៗទៀតខាងលើនេះ សូម បងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕ ដោយ៖សហការី