កម្លាំងនគរបាលចម្រុះខេត្តព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើផ្លូវទំនប់រលក ផ្លូវកំពង់ផែ ណែនាំធ្វើកិច្ចសន្យាលើអ្នកបើកបររថយន្តធន់ធំ មិនឱ្យឈប់ចតដោយគ្មានសណ្តាប់ធ្នាប់បន្តទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២​ បានចាត់ឲ្យកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក ចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើផ្លូវទំនប់រលក ផ្លូវកំពង់ផែ ដោយបានណែនាំធ្វើកិច្ចសន្យាលើអ្នកបើកបររថយន្តធន់ធំ មិនអោយឈប់ចតដោយគ្មានសណ្តាប់ធ្នាប់បន្តទៀត។

ជាមួយគ្នានេះ​នៅព្រឹកថ្ងៃដដែលនេះ​ លោកវរសេនីយ៍ទោ​ គីម​ សុង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បានដឹកនាំកម្លាំង​ សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់​ និងកម្លាំងមន្ទីរសាធារណការខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ​ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី​ និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន​ គោរពច្បាប់ចរាចរណ៍ផ្លូវគោក​ បេីកបរប្រកបដោយសុវត្ថិភាព​ នារដូវបុណ្យភ្ជុំបិណ្ឌនេះ​។

សូមជម្រាបថា​ យុទ្ធនាការនេះ​ ធ្វើ​ឡើង​នៅបេនឡានមហោស្រពចាស់​ ស្ថិតក្នុង​ភូមិ២​ សង្កាត់​លេខ​២​ ក្រុង-ខេត្តព្រះសីហនុ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក​ សៀវភៅកំណត់ល្បឿន​ និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់​ សូមគោរពច្បាប់ចរាចរណ៍ផ្លវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print