ផ្លូវដែកឆ្លងកាត់ស្ពានមិត្តភាពថៃ-ឡាវ ឆ្លងកាត់ដងទន្លេមេគង្គ ដោយក្នុងមួយថ្ងៃៗមានរថភ្លើងធ្វើដំណើរ២ជើង ចាប់ផ្តើមពីណង់ខាយនៅវេលាម៉ោង៧និង៣០នាទី និងម៉ោង១៤និង៤៥នាទី ហើយវិលត្រឡប់ពី Thanaleng នៅវេលាម៉ោង១០និង ម៉ោង១៧និង៣០នាទី។
ក្រុមហ៊ុនផ្លូវដែកជាតិថៃ (SRT)បានប្រកាសថា សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក Nong Khai ភាគខាងជើងប្រទេសថៃ និងខេត្ត Thanaleng ប្រទេសឡាវ នឹងចាប់ផ្តើមដំណើរការធម្មតាចាប់ពីថ្ងៃទី១៦ខែកញ្ញា ក្នុងពេលស្ថានភាពនៃការឆ្លងកូវីដ-១៩ ស្ងប់ស្ងាត់នៅក្នុងប្រទេសទាំងពីរ។
តាមការប្រកាសរបស់អ្នកនាំពាក្យផ្លូវដែក(SRT) បានឱ្យដឹងថា ការធ្វើដំណើរមានរយៈពេល១៥នាទី ហើយតម្លៃសំបុត្រ១ត្រឹម២០បាត ប៉ុណ្ណោះ។ ថៃបានចាប់ផ្តើមដំណើរការផ្លូវដែកធម្មតាវិញ ក្រោយរដ្ឋាភិបាលសម្រេចបន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ នៅថ្ងៃទី១៦ខែកញ្ញានោះដែរ ថៃក៏បានដំណើរការផ្លូវដែកពីទីក្រុងបាងកកនិងខេត្តយ៉ាឡា ក៏ដូចជាតំបន់ភាគខាងត្បូងថៃក៏បានដំណើរការមកវិញផងដែរ។
ជាមួយគ្នានេះក្រុមហ៊ុនផ្លូវដែក (SRT) បានប្រកាសថា រថភ្លើងចំនួន១៧ខ្សែដឹកអ្នកដំណើររបស់ក្រុមហ៊ុន Hokkaido ប្រទេសជប៉ុន ។ ខ្សែរថភ្លើងនោះនឹងបម្រើវិស័យទេសចរណ៍ដែលនឹងចាប់ផ្តើមនៅខែតុលាខាងមុខ៕ ដោយធីរីណា
រូបថត : railway gazette