ភ្នំពេញ : កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោកសាំង សុភក្ត្រវិចិត្រ អភិបាលរងខណ្ឌសែនសុខបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់៤៧ទីតាំងក្នុងរយៈពេលមួយយប់ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៣នាក់រួមនឹងវត្ថុតាងមួយចំនួន។
ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងសីសងខុសច្បាប់ខាងលើនេះធ្វើឡើងកាលពីព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២រហូតដល់វេលាម៉ោង១២ នឹង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលទីតាំងចុងក្រោយមានយីហោចូសុីប៊ីយ៉ាក្លស្ថិតនៅក្នុងភូមិស្លែងរល្លើង តាមបណ្តោយផ្លូវណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្សប្រុសស្រី១៣នាក់ រួមទាំងវត្ថុតាងមួយចំនួនផង។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យអាជ្ញាធរទាំង២៥ខេត្ត/រាជធានីចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។
បន្ទាប់ពីទទួលបានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្រាបការលេងល្បែងសីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលមក គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានរៀបចំកម្លាំងចម្រុះ ដឹកនាំដោយលោកសាំង សុភក្ត្រវិចិត្រ អភិបាលរងខណ្ឌសែនសុខចុះធ្វើការបង្ក្រាបចំនួន៤៦ទីតាំងដោយក្នុងនោះទីតាំងទាំងចំនួន៤៦នោះបានបិទទ្វារ ហើយក៏បន្តដឹកនាំកម្លាំងទៅធ្វើការឆែកឆេរនៅទីតាំងទី៤៧ដែលមានយីហោចូស៊ីប៊ីយ៉ាក្លដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៣នាក់ ក្នុងនោះមានស្រីចំនួន៦នាក់ រួមនឹងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នមនុស្សប្រុសស្រីទាំង១៣នាក់ រួមទាំងវត្ថុតាងត្រូវបាននាំទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយឡែកទីតាំងបើកល្បែងទាំងអស់នោះត្រូវបានបិទជាបណ្ដោះអាសន្ន៕
ដោយ៖ និន សុភ័ស្ត