ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងបានបុកគ្នាជាមួយរថយន្តព្រូសនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរថយន្តម៉ាកមែរសឺដេស ជ្រុលទៅបុកបង្គោលភ្លើងថ្ម រីឯរថយន្តព្រូសជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវនិងរងរបួសក្មេងស្រីអាយុជាងមួយខួបម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០០៧ កែងនឹងផ្លូវលេខ១៩៨០
ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BS-7700 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨០ពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AX-6619 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយគ្រួសារចាស់ក្មេងប្រុសស្រីបីនាក់តាមបណ្ដោយផ្លូវលេខ១០០៧ ក្នុងទិសដៅពីជើងទៅត្បូង ដោយបុកចំពីចំហៀងរថយន្តព្រូសត្រង់កង់ខាងមុខខាងស្ដាំពេញទំហឹង បណ្ដាលឱ្យរថយន្តព្រូសជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងឡើងក្រពឹតបង្គោលភ្លើង ចំណែករថយន្តខូចខាតចំហៀងផ្នែកខាងមុខខាងស្តាំ និងដាច់កាឡេកង់ទៅមុខលែងរួច។ ចំណែករថយន្តម៉ាកមែរសឺដេស ជ្រុលទៅបុកបង្គោលភ្លើងថ្ម ពេញទំហឹងបណ្ដាលឱ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ភ្លាមៗនោះគេឃើញក្មេងស្រីអាយុមួយខួបជាងដែលជិះនៅក្នុងរថយន្តព្រូសបានរងរបួសត្រូវបានម្តាយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖ និន សុភ័ស្ត