ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CBS ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់ថា កូវីដ-១៩ បានបញ្ចប់ហើយ ប៉ុន្តែលោកក៏បានបញ្ជាក់ថា កូវីដ- ១៩ នៅតែជាបញ្ហាចំពោះទឹកដីអាមេរិក។
ប្រធានាធិបតីបៃឌិនបានបញ្ជាក់នៅថ្ងៃទី១៨ខែកញ្ញាថា
កូវីដ-១៩ បានបញ្ជប់។ យើងនៅមានបញ្ហាជាមួយកូវីដ-១៩ហើយយើងកំពុងតែធ្វើការដើម្បីទប់ទល់ នឹងកូវីដ-១៩បើទោះបីវាបានបញ្ចប់»។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS នៅខាងក្រៅកម្មវិធី Detroit Auto Show ដែលជាព្រឹត្តិការណ៍មួយដែលទាក់ទាញអ្នកទស្សនា រាប់ពាន់នាក់ លោក បៃឌិន បានគូសបញ្ជាក់ថា «យើងនៅតែមានបញ្ហាត្រូវដោះស្រាយជាមួយកូវីដ។ យើងនៅតែធ្វើការជាច្រើនលើបញ្ហានេះ ប៉ុន្តែ ជំងឺឆ្លងរាតត្បាតបានដល់ទីបញ្ចប់ហើយ។ ប្រសិនបើយើងសង្កេតមើលឃើញថា គ្មាននរណាម្នាក់ពាក់ម៉ាសឡើយ។ គ្រប់គ្នាហាក់ដូចជាអាចបញ្ចេញ នូវភាពស្រស់ស្រាយ ដូច្នេះខ្ញុំគិតថាវាកំពុងផ្លាស់ប្តូរហើយ»។
ថ្មីនេះលោក បៃដិន បានស្នើសុំសភាផ្តល់មូលនិធិចំនួន ២២.៤ពាន់លានដុល្លារបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ក្នុងករណី មានការកើនឡើងនូវករណីឆ្លងឡើងវិញ។ លោក បៃដិន និងភរិយា សុទ្ធតែធ្លាប់បានឆ្លងជំងឺនេះរួចហើយ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩នៅអាមេរិកនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៧,០៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៧,៥០៩,៤៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧៨,៦៦៣នាក់ និងជាសះស្បើយឡើងវិញសរុប ៩៣.៩៦លាននាក់។សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
រូបថត :CBS NEWS