កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងអាគារខុនដូមួយកន្លែងនៅខណ្ឌដូនពេញ សង្ស័យបង្កប់ល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ៖ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ នៅព្រឹក​ថ្ងៃអង្គារ​ទី​២​០​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងមួយកន្លែង ស្ថិតនៅក្នុងអាគារស្នាក់នៅរួមជាន់ទី១៩-២០ ផ្លូវ៦៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក​ ចាប​ ឌីណា​ បានឱ្យដឹងទៀតថា៖​ ក្នុងប្រតិបត្តិការនេះមានការចូលរួមពីលោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោក ជា ខេមា អភិបាលខណ្ឌដូនពេញ, លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរជអាវុធហត្ថខណ្ឌដូនពេញ និងមានការសហការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

អភិបាលរងខណ្ឌដរូបនេះ​ បានបន្តថា​ ពេលចុះដល់ទីតាំងក្រុមការងារបានឃេីញថា អ្នកគ្រប់គ្រងទីតាំង និងបុគ្គលិកជនជាតិចិន អ្នកបកប្រែភាសាបានរៀបចំវេចខ្ចប់សម្ភារ ដែលសង្ស័យប្រព្រឹត្តិល្បែងសុីសងខុសច្បាប់រួចរាល់ អស់ហើយព្រមទាំងបានសហការជាមួយអាជ្ញាធរថែមទៀតផង។

សូមជម្រាបថា​ ក្រុមការងារចម្រុះ​ បានសម្រេចអនុញ្ញាតឲ្យអ្នកគ្រប់គ្រងប្រមូលសម្ភារទាំងនោះ ចេញពីទីតាំងឲ្យអស់ និងបានធ្វើការណែនាំដល់អ្នកគ្រប់គ្រងដូចជា៖​ ទី១៖ ហាមប្រព្រឹត្តិល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ​ ;ទី២៖ ហាមជួញដូរ ឬប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត​ ;ទី៣៖ ត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​ និងទី៤៖ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលេី ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print