ខេត្តស្វាយរៀង: សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងត្របែក បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយខឹងជនរងគ្រោះផឹកស្រាស្រវឹងស្រែកឡូឡាថ្លង់ដេកមិនលក់។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ខែ កញ្ញាឆ្នាំ ២០២២ ស្ថិត
នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះឆាន ចន្ធី អាយុ ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះនុន ផល្លា អាយុ៦៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិ ឃុំជាមួយគ្នា។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះបានផឹកស្រាស្រវឹង ហើយក៏បានស្រែកឡូឡារយ៉ាងខ្លាំងធ្វើអោយអ្នកភូមិនៅផ្ទះក្បែគ្នាថ្លង់ដេកបន្ទាប់មកស្រាប់តែជនសង្ស័យ បានទាញយកកៅអីជ័រ២ត្រួតគ្នាវាយទៅលើជនរងគ្រោះប៉ុន្តែបានគេចផុតក៏ត្រូវនឹងសសរផ្ទះបាក់កៅអីរួចក៏ស្ទុះទាញ
បានដំបងដើមឫស្សីមួយកំណាត់ដើរចូលទៅវាយបន្តទៀត
បណ្ដាលឲ្យរងរបួសដាច់ហូរឈាមនៅត្រង់ប្រអប់ខ្នងដៃខាងឆ្វេង ១កន្លែងនិងកំភួនជើងខាងស្ដាំ១កន្លែងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការសួរនាំនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងត្របែក ដោយជនសង្ស័យ
បានឆ្លើយសារភាពថាខ្លួនពិតជាបាន ប្រើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន។
បន្ទាប់ពីបានស្ដាប់ចម្លើយសារភាពពីជនសង្ស័យរួចមកសមត្ថកិច្ចបានរាយការណ៍សុំយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន