បើខ្វះលុយផាកពិន័យ ក្រុមនគរបាលចរាចរនៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់)! អនុគ្រោះអោយអ្នកបើកបរល្មើសចរាចរណ៍យកទូរស័ព្ទដាក់បញ្ចាំសិនក៏បាន!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងជាអ្នកគ្រប់គ្រងនិពន្ធអត្ថបទមួយរូប ប្រហែលជាទើសចិត្ត ណែនទ្រូងជំនួសជនក្រខ្សត់ សុខចិត្តបញ្ចេញមតិដោយសំណេរលើផេកផ្លូវការផ្ទាល់ខ្លួន ជាការចូលរួមកែលម្អស្ថាបនាចំពោះការ អនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ក្នុងនោះលោកបានសំណេរថា, នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ខ្ញុំបានទទួលព័ត៌មានពីមិត្តភក្តិម្នាក់ ដោយគាត់ប្រាប់ពីហេតុការណ៍ចាប់ផាកពិន័យរបស់ក្រុមនគរបាលចរាចរនៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់)! គាត់មានបុគ្គលិកក្រុមហ៊ុនម្នាក់ បានបើកម៉ូតូកង់បីដឹកឥវ៉ាន់យកទៅដាក់ឡានក្រុងផ្ញើទៅម៉ូយតាមខេត្ត!

លោកបន្តថា, ពេលធ្វើដំណើរដល់គោលដៅរង្វង់មូលជ្រោយចង្វារ ស្រាប់តែត្រូវនគរបាលចរាចរចាប់ផាកពិន័យដោយសារអ្នកបើកបររូបនោះ មិនបានពាក់គន្លឹះមួកសុវត្ថិភាព! ពេលប៉ូលិសចាប់ អ្នកបើកកង់បីបានប្រាប់ថា ខ្លួនមានតែលុយ៤៥០០ រៀលទេនៅក្នុងហោប៉ៅ តែប៉ូលិសទារផាក៥ម៉ឺនរៀល!

លោកលើកមកបញ្ជាក់ទៀតថា, បុគ្គលិករូបនោះ ខ្លាចឥវ៉ាន់មិនទាន់ដាក់ឲ្យភ្ញៀវ ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ! ដំណោះស្រាយនេះ បងៗប៉ូលិសក៏អូខេជូនតាមសំណើ ដោយដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន!

ចុងក្រោយលោកឆ្ងល់រួចបញ្ចេញមតិថា, មិននឹកស្មានថា នៅកន្លែងគោលដៅផាកពិន័យរបស់នគរបាលចរចរ មានសេវាដាក់បញ្ចាំទ្រព្យដើម្បីបង់ថ្លៃផាកសោះ ទើបតែឮលើកទី១! នេះបើខ្ញុំ ឃើញគេបង្ហោះតាមបណ្តាញសង្គម ប្រហែលមិនចង់ជឿខ្លះ តែនេះឮផ្ទាល់ត្រចៀក ដែលមិត្តភក្តិ បានតេប្រាប់ពីដំណើររឿងមួយនេះ! ៕

...


ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print