ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យតាមទីតាំងហាងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អទី៣ និងបាននាំខ្លួនមនុស្ស៥នាក់យកទៅសាកសួរ ដើម្បីបន្តឆែកឆេរទីតាំងបញ្ចាំរកឯកសារនានាបន្ថែមទៀត។
អាជ្ញាធររាជធានីភ្នំពេញ និងគណៈបញ្ជាឯកភាពខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យតាមទីតាំងហាងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អទី៣ ខណ្ឌទួលគោក ដោយគិតត្រឹមរយៈពេល២ថ្ងៃមកនេះសមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងបញ្ចាំ៥នាក់ហើយ យកទៅសាកសួរ។
ប្រតិបត្តិការនេះដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះជាច្រើន។
ក្នុងប្រតិបត្តិការរយៈពេលថ្ងៃមកនេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា អាជ្ញាធរបានរកឃើញទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អទី៣ មានចំនួន ៦០ ទីតាំង ប៉ុន្តែរយៈពេល២ថ្ងៃនេះ កម្លាំងអាជ្ញាធរបានចុះត្រួតពិនិត្យបានចំនួន៩ ទីតាំង ដោយរកឃើញទីតាំងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចំនួន៣ទីតាំង ហើយទីតាំងដែលមានអាជ្ញាប័ណ្ណចំនួន៦ទីតាំង។
លោក ឃ្លាំង ហួត បានសង្កត់ធ្ងន់ថា មានអាជ្ញាប័ណ្ណ ឬមិនមានអាជ្ញាប័ណ្ណជារឿងមួយ ដោយឡែកទីតាំងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវសូមប្រកបអាជីវកម្មឱ្យស្របច្បាប់ កុំប្រព្រឹត្តបទល្មើសក្រោមអាជ្ញាប័ណ្ណស្របច្បាប់ ដោយទទួលបញ្ចាំម៉ូតូខុសប្រក្រតី។
លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការរយៈពេល២ថ្ងៃមកនេះ កម្លាំងអាជ្ញាធរបាននាំខ្លួនម្ចាស់ទីតាំងចំនួន៥នាក់ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ និងរង់ចាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងអយ្យការធ្វើការត្រួតពិនិត្យទៅលើម៉ូតូនៅក្នុងឃ្លាំងរបស់ម្ចាស់នីមួយៗនាពេលក្រោយ៕
ដោយ៖ រ៉ារ៉ា