ខេត្តស្ទឹងត្រែង : នៅរសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង បានធ្វើការដុតកម្ទេចចោលនូវឧបករណ៍កែឆ្នៃ និងអន្ទាក់គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង។ យុទ្ធនាការនេះធ្វើឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោក លោកស្រី ដែលជាគណៈប្រតិភូក្រសួងបរិស្ថាន គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅភូមិសៀមបូក ឃុំសៀមបូក ខេត្តស្ទឹងត្រែង។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក សាយ សសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី និង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
ជាចុងក្រោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សាយ សំអាល់ និង គណៈប្រតិភូ និងលោក ស្វាយ សំអ៊ាង បានបន្តដំណើរ ចុះពិនិត្យការចិញ្ចឹមពូជសត្វគោ នៅក្នុងដែនជម្រកសត្វព្រៃអូឡង់សៀមបូក៕
ដោយ : សហការី