ភ្នំពេញ៖ រថយន្តធុនធំដឹកទូកុងតឺន័រមួយគ្រឿងបានបើកវ៉ាជែងហើយទៅកៀរ
រថយន្តក្រុងបណ្ដាលឱ្យដាច់កញ្ចក់ម្ខាង រួចបន្តទៅបុករថយន្តឡិចសុីសអិលអុិច 470មួយគ្រឿងទៀតធ្វើឱ្យរេចង្លូតទៅបុកបង្គោលភ្លើងថ្មបែកប្រអប់ភ្លើងចំនួនពីរជាប់នឹងបង្គោលភ្លើងនោះធ្លាក់មកដី ឯរថយន្តបង្កហេតុខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២នៅត្រង់ចំណុចភ្លើងស្តុប២៤ម៉ោង តាមបណ្តោយផ្លូវហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម
ស្ដិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-4287ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយពីជើងទៅត្បូង
ខណៈបើកមកដល់ចំណុចកើតហេតុខាងល់ើក៏មានរថយន្តធុនធំមួយគ្រឿងដឹកទូកុងតឺន័រម៉ាកFUSO ក្បាលពណ៌ទឹកប៊ិកពាក់ស្លាកលេខភ្នំពេញ3B-7613ធ្វើដំណើរមកពីក្រោយ ហើយវ៉ាមកខាងស្ដាំដៃកៀររថយន្តក្រុងបណ្ដាលឱ្យដាច់កញ្ចក់មួយចំហៀង រួចបន្តទៅបុករថយន្ត Lexus LX 470មួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE-2286ដែលបើកតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីពីកើតទៅលិច ចំពីចំហៀងផ្នែកខាងមុខខាងស្តាំពេញទំហឹងបណ្ដាលឱ្យរថយន្តដឹកទូកុងតឺន័ររេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្តាលឱ្យប្រអប់ភ្លើងចំនួនពីរជាប់នឹងបង្គោលភ្លើងបែកធ្លាក់មកដី។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នកណាម្មាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគររបាលរាជធានីភ្មុំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ