ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយមេបញ្ជាការទិសទី១បន្ទាយមានជ័យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូនថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើ រួមមាន ពីតំបន់ប៉ោយប៉ែត ស្រុកម៉ាឡៃ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន និងមួយចំនួនជន់លិចតែអាចរស់នៅបាន និងប្រជាពលរដ្ឋមួយចំនួន បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ទិសទី១បន្ទាយមានជ័យ បានត្រៀម កម្លាំង សម្ភារ:មធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់វេលា។
លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ : សហការី