ព្រឹកនេះជាថ្ងៃប្រកាសសាលដីការចុងក្រោយរបស់សាលាក្តីខ្មែរក្រហមទៅលើលោក ខៀវ សំផន វ័យ៩១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ : ព្រឹកនេះជាថ្ងៃប្រកាសសាលដីការចុងក្រោយរបស់សាលាក្តីខ្មែរក្រហមទៅលើលោក ខៀវ សំផន វ័យ៩១ឆ្នាំ អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់១៩៧៩។

លោក ខៀវ សំផន ស្ថិត​ក្នុង​ចំណោម​មនុស្ស៥នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​កូនកាត់ដែល​មាន​ចៅក្រម​កម្ពុជា​និង​អន្តរជាតិ​។ ​បួន​នាក់​ទៀតបាន​ស្លាប់​ជាបន្តបន្ទាប់មុន​ពេល​ដែលតុលាការត្រូវបិទបញ្ចប់នៅថ្ងៃនេះ។

លោក ខៀវ សំផន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតម្តងរួចទៅហើយកាលពីឆ្នាំ២០១៤ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍។ ជន​ជាប់​ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​នេះ ដោយ​អះអាង​ថា​មិន​មាន​កំហុសដូចការចោទប្រកាន់ដោយសារគាត់មានតែឈ្មោះនិងតួនាទី តែមិនមានអំណាចទេ។

សាលាក្តីខ្មែរក្រហមបានត្របាក់អស់ថវិការជិត៣៤០លានដុល្លារក្នុងដំណើរការរបស់ខ្លួនអស់រយៈពេល១៦ឆ្នាំរាប់ចាប់ពីឆ្នាំ២០០៦មក។

បួននាក់ទៀតជានរណា?
នួន ជា ​ជា​បងធំទី​២​ត្រូវបាន​កាត់ទោស​រួមគ្នា​ជាមួយលោក ខៀវ សំផន ឱ្យ​ជាប់ទោស​មួយជីវិត​ក្នុង​ឆ្នាំ២០១៤ ហើយ​គាត់​បាន​ស្លាប់​នៅ​ឆ្នាំ២០១៩។ ឥស្សរជន​ខ្មែរ​ក្រហម​ទី​បី​ដែល​តុលាការ​កាត់​ទោស​គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ជា​ប្រធាន​គុក​ទួលស្លែងដ៏ល្បី​ឈ្មោះ។ គាត់បានស្លាប់នៅក្នុងពន្ធនាគារក្នុងឆ្នាំ២០២០។ លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងភរិយាលោកស្រី អៀង ធីរិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានទទួលមរណភាពខណៈដំណើរការនីតិវិធីកំពុងដំណើរការ។

សាលដីការចុងក្រោយនៅថ្ងៃនេះនឹងនាំដល់ការជជែកវែកញែកថា តើរយៈពេល៤៣ឆ្នាំទម្រាំបិទបញ្ចប់សំណុំរឿងខ្មែរក្រហមសមល្មមដែរឬទេ? តើយុត្តិធម៌បានផ្តល់ដល់ជនរងគ្រោះហើយឬនៅ? តើអ្វីជាប្រយោជន៍សម្រាប់ជាតិនិងប្រជាជនកម្ពុជា ចេញពីសាលដីការនេះ? តើការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិបានអ្វីមកវិញសម្រាប់ពិភពលោក ជាពិសេសសម្រាប់មេដឹកនាំ? ៕

...

ដោយ : លោក ពុយ គា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print