ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព កាលពីវេលាម៉ោង ៦និង៣៥យប់ថ្ងៃទី២១ ខែកញ្ញាម្សិលមិញនេះ បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតឡើងមួយលើក ។
យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មិត្ត ឡៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតកញ្ចែតកាប់ដំឡូងកាប់ទៅលើជនរងគ្រោះ ០១នាក់ឈ្មោះ សុង ប្រុស ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវជាបងថ្លៃ មានទីលំនៅផ្ទះជាមួយគ្នាបណ្តាលឲ្យរងរបួសដៃខាងឆ្វេង និងមុខខាងឆ្វេង (រងរបួសធ្ងន់ធ្ងរ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៣និង២០នាទី ត្រង់ចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សូមជម្រាបថា នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនយកកាំបិតកញ្ចែតកាប់ដំឡូងកាប់លើជនរងគ្រោះបែបនេះគឺដោយសារខ្លួនស្រវឹងស្រាឈ្លោះប្រកែកទាស់សម្តីគ្នា។ សម្ភារៈដកហូតបានមានកាំបិតកញ្ចែតកាប់ដំឡូងចំនួន ០១ ជាវត្ថុតាងដែលជនសង័្សយប្រើប្រាស់ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង័្សយសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ដោយ៖អារុណរះ