ខេត្តឧត្ដរមានជ័យ៖ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពដដែលបន្តថា ជាលទ្ធផល៖ សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។
សូមជម្រាបថា លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ កាលពីម្សិលមិញនេះ បានបន្តចាត់តាំងលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។
ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ បានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងធ្វើការត្រួសត្រាយសំអាតផ្លូវចល័តតាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អដើម្បីងាយស្រួលក្នុងការដើរល្បាត និងបានក្រើនរំលឹកដល់យោធិនក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣កុំ និង៣ការពារ ឱ្យបានជាប់លាប់ជាប្រចាំផងដែរ៕ ដោយ៖សហការី