កូរ៉េខាងជើងត្រៀមដាក់នាវាមុជទឹកបំពាក់កាំជ្រួចមីស៊ីលអន្តរទ្វីប

ចែករំលែក៖

រូបភាពពីផ្កាយរណបបង្ហាញឱ្យឃើញថា រោងចក្រផលិតនាវា Nam Sinpo របស់កូរ៉េខាងជើង ជិតដាក់ដំណើរការនាវាមុជទឹកដែលអាចបំពាក់មីស៊ីលវាយលុក។

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះបានផ្សាយថា ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអះអាងថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈដើម្បីបញ្ចេញនាវាមុជទឹកថ្មីមួយ ដែលត្រូវបានជឿថាមានសមត្ថភាពបាញ់មីស៉ីលអន្តរទ្វីបចេញពីក្រោមផ្ទៃទឹកបាន។
ក្រុមស្រាវជ្រាវ 38 North ដែលតាមដានជាប់លើសកម្មភាពកូរ៉េខាងជើងបានលើកឡើងថា យោងតាមរូបភាពនៃសកម្មភាពនៅឯរោងចក្រដំឡើងនាវា Sinpo South ដែលស្ថិតនៅតាមបណ្តោយឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េខាងជើងចាប់តាំងតែពីថ្ងៃទី១៨ ខែកញ្ញា គឺបានឱ្យតំរុយថា ទីក្រុងព្យុងយ៉ាងកំពុងរៀបចំ សម្រាប់ការបញ្ចេញនាវាមុជទឹកថ្មី១គ្រឿង។
ក្រុមអ្នកវិភាគបានប្រទះឃើញសញ្ញាជាលើកដំបូងដែលបង្ហាញថា យ៉ាងហោចណាស់នាវាមុជទឹកថ្មីចំនួន១គ្រឿងកំពុងស្ថិតក្នុងការសាងសង់នៅកូរ៉េខាងជើង គឺតាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ហើយកាលពីឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានបង្ហាញឱ្យឃើញលោក គីម ជុងអ៊ុន ចុះពិនិត្យនាវាមុជទឹក១គ្រឿងដែលគេមិនធ្លាប់បានដឹងកន្លងមកឡើយ។ ក្រុមអ្នកវិភាគជឿថា យោងតាមទំហំនៃនាវាមុជទឹកថ្មីនោះគឺវាទំនងជាត្រូវបានរចនាឡើងដើម្បីអាចបាញ់មីស៉ីលផ្លោងបាលីស្ទីកបាន។
កូរ៉េខាងជើងមានក្រុមនាវាមុជទឹកជាច្រើនគ្រឿង ប៉ុន្តែក្នុងនោះមានតែនាវាមុជទឹក១គ្រឿងប៉ុណ្ណោះ ដែលគេដឹងថា មានសមត្ថភាពផ្ទុកមីស៉ីលបាលីស្ទីក។ ក្រុមអ្នកវិភាគធ្លាប់បានជជែកដេញដោលថា តើនាវាមុជទឹកដែលទំនងជានាវាមុជទឹកថ្មីនោះពិតជាមានការរចនាថ្មីសន្លាងតែម្តងមែន ឬមួយក៏វាផ្អែកលើនាវាមុជទឹកប្រភេទ Romeo Class ដែលទីក្រុងព្យុងយ៉ាងទិញយកមកពីចិន កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មុនពេលដែលកូរ៉េខាងជើង ចាប់ផ្តើមផលិតពួកវាដោយខ្លួនឯង។ ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលីស្ទីក ប្រភេទចេញពីនាវាមុជទឹក (SLBM) កាលពីខែឧសភាកន្លងទៅ ៕ ដោយធីរីណា

...

រូប​ថត​ :​ Vtc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print