លោកឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាមុនពេលធ្វើដំណើរត្រឡប់ទៅសិក្សានៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិន  បានបង្ហោះថា, នាថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោក ពិត ចំណាន រដ្ឋមន្រ្តីស្តីទីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាមុនពេលធ្វើដំណើរត្រឡប់ទៅសិក្សានៅប្រទេសចិន។  លោក Lin Ruihua ទីប្រឹក្សាផ្នែកវប្បធម៌នៃស្ថានទូតចិន, លោក Shi Weiwei ប្រធានការិយាល័យនយោបាយនៃស្ថានទូតចិន, លោក អ៊ុំ វុទ្ធទីស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសិស្សនិស្សិតតំណាងចំនួន២០នាក់មានវត្តមានក្នុងពិធីខាងលើ។

ក្នុងសុន្ទរកថារបស់ លោកឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា ទំនាក់ទំនងរវាងចិននិងកម្ពុជាមានភាពស្អិតរមួតនិងពិសេស ហើយបានបង្កប់នូវមនោសញ្ចេតនាជាប្រវត្តិសាស្រ្ដដ៏សែនជ្រាលជ្រៅ។ ប្រជាជនចិនបានចាត់ទុកកម្ពុជាជាមិត្ត”ដែកថែប”។  ប៉ុន្មានឆ្នាំមកនេះ សិស្សនិស្សិតកម្ពុជាជាច្រើនដែលបានបញ្ចប់ការសិក្សានៅប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការកសាងប្រទេសជាតិ ខិតខំធ្វើជាអ្នកបន្តមរតកនៃចំណងមិត្តភាពរវាងចិននិងកម្ពុជា។ រដ្ឋាភិបាលចិននិងកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ចំពោះការវិលត្រឡប់ទៅកាន់ប្រទេសចិនវិញដើម្បីបន្តការសិក្សា។ ជំងឺកូវីដ១៩នៅមិនទាន់បញ្ចប់ទាំងស្រុង ប៉ុន្តែភាគីចិនបានសម្រេចអនុញ្ញាតឱ្យសិស្សនិស្សិតកម្ពុជាត្រឡប់ទៅប្រទេសចិនវិញដើម្បីបន្តការសិក្សាឱ្យបានឆាប់រហ័ស ក្នុងគោលបំណងកាត់បន្ថយបន្ទុកសេដ្ឋកិច្ចរបស់សិស្សនិស្សិត ស្ថានទូតចិនក៏បានសម្របសម្រួលយ៉ាងសកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីឱ្យសិស្សនិស្សិតទទួលបានតម្លៃពិសេសសម្រាប់សំបុត្រយន្តហោះ។  សង្ឃឹមថាសិស្សនិស្សិតខិតខំសិក្សា ដើម្បីក្លាយជាស្ថាបនិកនៃការអភិវឌ្ឍន៍ប្រទេសជាតិ  និងក្លាយជាអ្នកបន្តមរតកនៃចំណងមិត្តភាពរវាងចិននិងកម្ពុជា។

លោក ពិត ចំណាន មានប្រសាសន៍ថា កម្ពុជានិងចិនមានចំណងមិត្តភាពដ៏សែនជ្រាលជ្រៅ។ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៨មក ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍជាបន្តបន្ទាប់ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាបងប្អូនដែកថែបដែលមិនអាចបំបែកបាន។  លោកបានថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់អាហារូបករណ៍ជាច្រើនជូនដល់កម្ពុជា បានសំណូមពរសិស្សនិស្សិតគោរពច្បាប់ ខិតខំសិក្សា ធ្វើជាអ្នកផ្សារភ្ជាប់នៃចំណងមិត្តភាពកម្ពុជានិងចិន រួមចំណែកក្នុងការផ្សព្វផ្សាយចំណងមិត្តភាពមួយនេះឱ្យបានគង់វង្ស។

ក្រោយពីបញ្ចប់កម្មវិធីខាងលើ លោក Wang Wentian និង លោក ពិត ចំណាន បានផ្តល់អំណោយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសដល់តំណាងនិស្សិត និងបានអញ្ជើញភ្ញៀវកិត្តិយសទស្សនានិងថតរូបទុកជាអនុស្សាវរីយ៍នៅ”សួនមិត្តភាពកម្ពុជា-ចិន”ដែលមានទីតាំងក្នុងស្ថានទូតចិន។

ចាប់តាំងពីដើមខែសីហាមក ស្ថានទូតចិនបានជួយសម្រួលដល់សិស្សនិស្សិតកម្ពុជាជាង៤០០នាក់ដើម្បីអាចវិលត្រឡប់ទៅកាន់ប្រទេសចិនវិញបន្តការសិក្សា ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាជាពិសេសសិស្សនិស្សិតកម្ពុជា៕

ដោយ ; សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print