ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃសុក្រទី២៣ ខែកញ្ញា ឆ្នាំ២០២នេះថា៖ ថ្ងៃទី២៣ កញ្ញានេះ ត្រូវនឹងថ្ងៃ១៣រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១៣នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
បិណ្ឌទី១៣ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋ កម្មករ កម្មាការិនី អាជីវករមួយចំនួន បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំ ឪពុកម្ដាយ បងប្អូនសាចលើញាតិ ដើម្បីធ្វើបុណ្យនៅតាមវត្តអារាម ក៏ដូចជានៅតាមផ្ទះ និងរីករាយជួបជុំគ្រួសារ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តជុំគ្រួសារ ទៅតំបន់ទេសចរណ៍ផ្សេងៗ ។
សូមជូនពរ បងប្អូនកូនក្មួយ កម្មករ កម្មការិនី ប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការធ្ធ្វើដំណើរ សុខភាពល្អ និង រីករាយជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្យ ព្រមទាំងត្រូវយកចិត្តទុកដាក់ថែរក្សា ការពារសុខភាពទាំងអស់គ្នា ពិសេសត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ។
សូមអរគុណដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ បង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ៕ដោយ៖ស តារា