ភ្នំពេញ ៖ តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្ម ថោន គឺលោក ខេម ត្រូវបានគេសង្ស័យថា បានជិះរថយន្តបុកបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មដោយគៀបជាប់នៅក្នុងរថយន្ត ។ ក្រោយកើតហេតុតារាចម្រៀងរូបនេះរួមទាំងនារីម្នាក់ក្នុងរថយន្តបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Rang Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្តសេរីទំនើបមួួយគ្រឿងទៀត ម៉ាក CeLiCa ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាស់គ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ CeLiCa ស្លាប់គៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ។
បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត បច្ចុប្បន្នស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។ ចំណែកអ្នកបើករថយន្ត Rang Rover ត្រូវបានគេស្គាល់ថា ជាតារាចំរៀងនៅក្នុងផលិតកម្មថោន គឺលោក ខេម និងរួមដំណើរដោយនារីម្នាក់ទៀត បានចុះមកពីលើរថយន្តរួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ប្រភពខាងលើបានឲ្យដឹងទៀតថា រថយន្តទាំងពីរគ្រឿងបើកបរក្នុងល្បឿនលឿនដូចគ្នា មិនគោរពច្បាប់ចរាចរណ៍ ទើបបានជាបង្កឲ្យមានគ្រោះថ្នាក់យ៉ាងដូចនេះកើតឡើងបាន ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងសហការជាមួយនិងនគរបាលជំនាញធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
តារាចម្រៀង ខេម នៅមិនទាន់អាចទំនាក់ទំនងរកការបញ្ជាក់បាននៅឡើយទេ ខណៈលោក មាស សុខរតនៈ អ្នកចចាត់ការទូទៅប្រចាំផលិតកម្មថោនបញ្ជាក់ថា លោកមិនបានទទួលដំណឹងណាមួយពីលោក ខេម នៅឡើយ ពោលគឺលោកគ្រាន់តែឃើញតាមរយៈសារព័ត៌តែប៉ុណ្ណោះ។ លោកថា ផលិតកម្មបានព្យាយាមទាក់ទងទៅតារាចម្រៀងរូបនេះ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនោះដែរ។
ចំណែកឯមេប៉ុស្តិ៍ខណ្ឌឬស្សីកែវ លោក តូច គឹមសុង មិនអាចស្វែងរកការបញ្ជាក់បន្ថែមណាមួយនោះទេ ដោយលោកប្រាប់ថា កំពុងរវល់ខ្លាំងជាមួយនឹការងាររដ្ឋបាលធ្វើលិខិតស្នាមជួនពលរដ្ឋដូចនេះលោកមិនអាចធ្វើការបកស្រាយបានភ្លាមៗទេជុំវិញការណីខាងលើនេះគឺលោកនឹងបញ្ជាក់នៅពេលក្រោយ។
មន្ត្រីក្រសួងមហាផ្ទៃបានទម្លាយឈ្មោះម្ចាស់កម្មសិទ្ធរថយន្តខាងលើដែលបុកបុរសម្នាក់ស្លាប់ហើយរត់គេចគឺមានម្ចាស់ឈ្មោះ ឌៀវ វណ្ណារ័ត្ន រស់នៅផ្ទះលេខ៦៦AEo ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយពេលនេះមន្ត្រីមានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។
ប្រសិនបើវាគឺជាការណីដែលបង្កដោយតារាចម្រៀងខេមមែន វាគឺជារឿងស៊យថ្មីមួយទៀតរបស់តារាចម្រៀងរូបនេះដែលកន្លងមកលោកធ្លាប់រងនូវរឿងរ៉ាវអាស្រូវជាបន្តបន្ទាប់ដូចជាការណីឈ្លោះវាយអ្នកបើកតាក់ស៊ីឡើងទ្រម និងហៅគ្នាយកកាំភ្លើងមកកាងរឿងបើកឡានចៀសគ្នាកាលពីអំឡុងខែតុលា ឆ្នាំ២០១១ និងរឿងរ៉ាវជម្លោះទាស់ទែងគ្នាមួយចំនួនទៀត៕
ដោយ៖ វឌ្ឍនា