ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូប និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុចស្ដុបផ្លូវមុន្នីរ៉េត កែងផ្លូវម៉ៅសេទុង ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ សួន ហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។ និង២-ឈ្មោះ ទូច ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ ឆេង លក្ខិណា ភេទស្រី ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល មុខរបរលក់បន្លែ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកHONGDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង1O-2302, ទូរស័ព្ទដៃម៉ាកoppo ពណ៌ទឹកមាស, ម្សៅក្រាមសថ្លា ចំនួន០២កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះសួន ហេង ដែលលាក់ទុកក្នុងហោប៉ៅ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕ ដោយ៖សហការី