ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃអង្គារទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ កាលពីវេលាម៉ោង ២ និង៥០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ាស់ ហាណាស៊ី ហៅអាស៊ី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ៣៦បេ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន)។
វត្ថុតាងចាប់យក៖ម៉ូតូម៉ាក Nex ពណ៌ខ្មៅសេរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ កណ្ដាល-1P-4378 ជារបសជនសង្ស័យ។
បច្ចុប្បន្ននៅព្រឹកនេះជនសង្ស័យ រួមនិងវត្ថុតាងត្រូវមន្ត្រីជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ ដោយ៖សហការី