ភ្នំពេញ៖ បេីតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧១៣គ្រឿង ម៉ូតូចំនួន ៧១៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២១គ្រឿង មានម៉ូតូចំនួន ២១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៧ថ្ងៃ(ថ្ងៃទី០១-២៧ ខែកញ្ញា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤៦.៨២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦.៩០៧គ្រឿង ម៉ូតូមានចំនួន ៤.៥៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៧ថ្ងៃនៃ ខែកញ្ញាឆ្នាំ២០២២ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៧នាក់ របួសធ្ងន់ ៦នាក់(ស្រី២នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក ៕ ដោយ៖ស តារា