ភ្នំពេញ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងវេទិកា ស្តីពី ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩ នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈ ប្រព័ន្ធ ZOOM ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់សហព័ន្ធនារីវៀតណាម ដែលបានផ្តួចផ្តើមគំនិតរៀបចំនូវវេទិកាដ៏សំខាន់នេះ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី ក្នុងការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពក្នុងបរិបទកូវីដ១៩។
លោកស្រីកិត្តិសង្គហបណ្ឌិត សង្ឃឹមថាវេទិកានេះ នឹងបានចែករំលែកនូវបទពិសោធន៍ និងការផ្លាស់ប្តូទស្សនៈ បង្កើតបាននូវផែនការសកម្មភាពរួមមួយ ដើម្បីសម្រេចបាននូវគោលដៅ ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទ នៃកូវីដ ១៩ ។ ក្នុងនោះផងដែរសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ ត្រៀមខ្លួនសហការយ៉ាងជិតស្និតជាមួយនារីប្រទេស វៀតណាម ឡាវ បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកនិងអង្គការ សមាគមជាតិ អន្តរជាតិនានា និងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារអភិវឌ្ឍន៍បៃតង ការអភិរក្សធនធម្មជាតិ ការដាំដើមឈើនៅតំបន់រិចរិល ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ» ថាមពលជីវចម្រុះ និងការបន្សាំទៅនឹងការប្រប្រួលអាកាសធាតុដើម្បីឲ្យស្ត្រីអាចទទួលបានផលជាវិជ្ជមាន ប្រកបដោយសមធ៌ម និងបរិយាបន្ន។
ក្នុងពិធីនោះផងដែរ ប្រទេសទាំងបីក៏បានចែករំលែកនូវបទពិសោធន៍ដែលពាក់ព័ន្ធនឹងប្រធានបទ ដូចខាងក្រោម ៖
ប្រទសកម្ពុជា ៖ ធ្វើបទបង្ហាញស្តីអំពី កសិកម្ម ទេសចរណ៍ និងបរិស្ថាស្អាត
ប្រទេសឡាវ ៖ ធ្វើបទបង្ហាញស្តីអំពីការងើបឡើងវិញក្រោយពីជំងឺកូវីដ ១៩ ការធានាសន្តិសុខសង្គម សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី
ប្រទេសវៀតណាម ៖ ធ្វើបទបង្ហាញស្តីអំពី កម្មវិធី COCP ឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព ៕
ដោយ : សហការី