ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោយពីបំបែកសំណុំរឿងឃាតកម្មករណីប្លន់សម្លាប់ជនរងគ្រោះជាអ្នកចែកចាយថ្នាំញៀនរួចមក ព្រោះខឹងជនរងគ្រោះយកថ្នាំមិនសុទ្ធលក់ឱ្យខ្លួន សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវឈានរហូតដល់ឃាត់ខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀតជាអ្នកប្រើប្រាស់គ្រឿងញៀនជាមួយជនដៃដល់ ក្នុងនោះក៏មានម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ ស្រុកបុរីអូរស្វាយសែនជ័យជាអ្នកប្រើប្រាស់ថ្នាំញៀនយ៉ាងស្ទាត់ជំនាញផងដែរ។ ប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀននេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ថែមទៀតកាលពីយប់កណ្ដាលអធ្រាត្រ ថ្ងៃទី២៧ ខែកញ្ញា ដោយម្នាក់នៅភូមិអូរស្វាយ និងម្នាក់ទៀតនៅភូមិរិទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកវ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្ទឹងត្រែងបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលពាក់ព័ន្ធក្នុងករណីឃាតកម្មខាងលើ មាន១-ឈ្មោះជាតិ សារ៉ូ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ជនសង្ស័យទាំងពីរនាក់រស់នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកស្នងការរងបានបញ្ជាក់ទៀតថា ក្រោយការសាកសួរជនសង្ស័យទាំងពីរនាក់ជាឃាតករួចមក សមត្ថកិច្ចក៏បានស្រាវជ្រាវបំបែកសំណុំរឿងនេះបន្តទៀត ព្រោះជនសង្ស័យប្រាប់ថាខ្លួនគេធ្លាប់បានប្រើប្រាស់គ្រឿងញៀនជាមួយមន្ត្រីកងរាជអាវុធហត្ថម្នាក់ និងជនសង្ស័យម្នាក់ទៀតដែលមានទីលំនៅនៅស្រុកបុរីអូរស្វាយសែនជ័យជាមួយគ្នា ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បន្ថែមទៀតប្រគល់ឱ្យការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ទោ ចែម ផានិតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក៏បានឱ្យដឹងដែរថា ជនសង្ស័យទាំងពីរនាក់នោះគឺជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដែលពួកគេធ្លាប់បានទិញយកទៅប្រើប្រាស់ជាមួយ ជនសង្ស័យម្នាក់ដែលជាឃាតកខាងលើ វាយប្លន់ដាក់ខ្នោះរួចសម្លាប់ជនរងគ្រោះ យកម៉ូតូកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ។
លោកនាយការិយាល័យបញ្ជាក់ថាជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបន្ថែម ទី១-ឈ្មោះពៅ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយសែនជ័យ។ ២-ឈ្មោះ ឈិត ថា ភេទប្រុស អាយុ៤៩ឆ្នាំ កសិកររស់នៅភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យពីរនាក់ជាឃាតកប្លន់សម្លាប់ដោយសារខឹងរឿងជនរងគ្រោះយកថ្នាំមិនសុទ្ធមកលក់ឱ្យខ្លួន ទើបឈានដល់វាយដាក់ខ្លោះប្លន់យកម៉ូតូជនរងគ្រោះ ត្រូវបានតុលាការឃុំខ្លួនហើយ។ ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀតដែលពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនជាមួយជនដៃដល់ ប្លន់សម្លាប់ខាងលើ នេះបើតាមចម្លើយសារភាពរបស់ជនដៃដល់ ទើបសមត្ថកិច្ចឈានដល់ឃាត់ខ្លួនបន្ថែមទៀត។ បច្ចុប្បន្នត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ,មាស សុផាត