ភ្នំពេញ៖ រយៈពេល២ថ្ងៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃប្រទេសកម្ពុជា បណ្ដេញជនបរទេសចំនួន៦៦នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងត្រូវបានហាមឃាត់មិនឲ្យចូលមកប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។
យោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ កញ្ញានេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេលពីរ ថ្ងៃ ពោលគឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជន បរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ញាតិ ក្នុងនោះជនជាតិថៃចំនួន៦៤នាក់ (ស្រី២៥នាក់) ជនជាតិឥណ្ឌាចំនួន ០១នាក់ (ប្រុស) និងជនជាតិនីហ្សេរីយ៉ាចំនួន០១នាក់ (ប្រុស) ចេញពីព្រះរាជាណា ចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែន ខុសច្បាប់គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ៕
ដោយ៖ សូរិយា