ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃព្រស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រួវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាគណៈអធិបតី «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះមានការយាង និងអញ្ជើញចូលរួមពីសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃ សម្ដេចព្រះរាជាគណៈព្រះមន្រ្តីសង្ឃ សម្ដេច លោក លោកស្រី ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រធានទីភ្នាក់ការងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក លោកស្រីគណៈអភិបាលរាជធានីខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីបណ្ដាក្រសួងស្ថាប័នថ្នាក់ដឹកនាំសាសនាឥស្លាមកម្ពុជា សាសនាគ្រីស្ទ និងអង្គពិធីជាច្រើនអង្គនាក់ទៀត។
បន្ទាប់ពីបញ្ចប់ពិធីផ្សាយមេត្តាធម៌ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្លែងរបាយការណ៍ឱ្យដឹងថាទិវានេះ បានប្រារព្ធឡើងជាលើកទី៦ គិតចាប់ពីឆ្នាំ២០១៧មក ដោយមានការចូលរួមពីនិកាយសាសនាធំៗ៣ គឺព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនាប្រកបដោយឆន្ទៈ និងព្រមព្រៀងស្វែងរកវិធីសាស្រ្តដើម្បីអប់រំ ទូន្មាន ប្រៀនប្រដៅមនុស្សឱ្យប្រព្រឹត្តអំពើល្អ ចេះស្រលាញ់ខ្លួនឯង គ្រួសារ ប្រទេសជាតិ និងជួយការពារគ្នាទៅវិញទៅមក។
សម្ដេច បន្ថែមថាវេទិកាអន្តរសាសនាកម្ពុជា ដែលបានលើកយកប្រធានបទរួមមួយ គឺ«សូមកុំយកកម្ពុជាជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» គឺជាការអំពាវនាវផង និងប្រឆាំងផង ចំពោះរាល់សកម្មភាពទុច្ចរិតដែលប្រព្រឹត្តក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើប្រជាជនកម្ពុជា និងជនបរទេស ដែលអំពើដ៏សាហាវនេះបានបំផ្លាញទាំងធនធានមនុស្ស ទាំងកិត្តិយស និងភាពសុខដុមរមនារបស់សង្គមជាតិ។
សម្ដេច បានឱ្យដឹងថានៅឆ្នាំ២០២២ ដែលសភាពការណ៍កូវីដ-១៩ បានធូរស្រាល និងចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញនោះ កម្ពុជាក៏កើតមានបទល្មើសឆបោកតាមប្រព័ន្ធគមនាគមន៍យ៉ាងគគ្រឹកគគ្រេង ព្រមជាមួយការប្រើប្រាស់មនុស្សដោយបង្ខំ កេងប្រវ័ញ្ចប្រាក់ឈ្នួល បិទសិទ្ធិសេរីភាព និងការប្រើប្រាស់ជនរងគ្រោះជាឧបកណ៍សម្រាប់បោកប្រាស់អ្នកដទៃបន្តទៀត។
សម្ដេចបន្តថាបទល្មើសនេះ ជាប្រភេទបទល្មើសឆ្លងដែន មានខ្សែបណ្ដាញទាំងក្នុង និងក្រៅប្រទេស និងត្រូវបានក្រុមឧក្រិដ្ឋជនលួចលាក់ធ្វើសកម្មភាពយ៉ាងសំងាត់តាមបច្ចេកវិទ្យាព័ត៌មាន ដោយបានបង្ខំមនុស្សធ្វើការដោយគ្មានសេរីភាព ឃុំឃាំងមនុស្សចំរិតទារប្រាក់ ហើយជនល្មើសខ្លះមានអាវុធខុសច្បាប់ ទៀតផង ដែលសកម្មភាពនេះ បើមិនបង្ការទប់ស្កាត់ទេនឹងអាចប៉ះពាល់ដល់សន្តិសុខជាតិនាពេលអនាគត។
សម្ដេចបន្តថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការដើម្បីសម្រេចបានគោលការណ៍សំខាន់៤ គឺសង្គ្រោះជនរងគ្រោះ, ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស បក្ខពួក និងស្រាវជ្រាវរកមេក្លោង, ត្រួតពិនិត្យប្រមូលភស្តុតាងឈានទៅបិទទីតាំងអាជីវកម្មខុសច្បាប់ ជាពិសេសទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងបើរកឃើញថាជាករណីជួញដូរមនុស្ស ត្រូវពន្លាតការស៊ើបអង្កេតរកបទល្មើសសម្អាតប្រាក់។
តាមរយៈកិច្ចប្រតិបត្តិការពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន សម្ដេចបានឱ្យដឹងថាចំនួនបណ្ដឹងដែលទទួលបានតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ មានប្រមាណ៣៦៨ករណី ក្នុងនោះជនល្មើសធ្វើសកម្មភាពនៅខេត្តព្រះសីហនុច្រើនជាងគេ គឺរហូតដល់២៤៩ករណី ដោយក្រុមប្រតិបត្តិការបានរុករកជនល្មើសតាមបណ្ដាទីតាំងសង្ស័យ និងតាមសេចក្ដីរាយការណ៍ សង្គ្រោះជនរងគ្រោះបាន៣៦១នាក់ ក្នុងនោះរងគ្រោះអំពើជួញដូរមាន៩ករណី មនុស្ស៥៤នាក់ និង៦សញ្ជាតិ។
សម្ដេច បានឱ្យដឹងទៀតថាប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤១នាក់ មាន៣សញ្ជាតិ បញ្ជូនទៅតុលាការ រឹបអូសភស្តុតាង និងបិទទីទាំងដើម្បីស៊ើបអង្កេតប្រមូលភស្តុងតាងបន្ថែម។ ក្រៅពីនេះ ក៏មានជនរងគ្រោះរាប់រយនាក់ទៀតត្រូវបានសមត្ថកិច្ចរកឃើញ បើទោះបីជាអ្នកទាំងនោះមិនមែនជាជនរងគ្រោះដោយអំពើជួញដូរមនុស្សក៏ដោយ ដោយសមត្ថកិច្ចបានសមត្ថកិច្ចរំដោះទៅទីតាំងសុវត្ថិភាពក្រោមកិច្ចសហការ និងសម្របសម្រួលពីស្ថានទូតពាក់ព័ន្ធដើម្បីពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះស្មារតីសហការពីគ្រប់ភាគីទាំងអស់ក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួយសង្គ្រោះជនរងគ្រោះ តាមរយៈការជួយផ្ដល់ព័ត៌មានពិតអំពីសកម្មភាពជនល្មើស និងជនរង្គ្រោះដោយអំពើជួញដូរ រួមទាំងសកម្មភាពទុច្ចរិតទាំងឡាយដែលឧក្រិដ្ឋជនបានធ្វើសកម្មភាពជ្រកក្រោមស្លាកអាជីវកម្មនានា។ សម្ដេចសង្ឃឹមថាគ្រប់ភាគីនឹងបន្តស្មារតីសហការ ដោយមិនមែនជាការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដើម្បីបង្អាប់កម្ពុជា។
អញ្ជើញថ្លែងសុន្ទរកថានាឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជ បានមានប្រសាសន៍បញ្ជាក់ថា ទិវានេះមិនធ្វើតែមួយថ្ងៃ២០សីហានោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។ សម្តេចបន្តថាទោះបីបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោមប្រទេសគួរព្រួយបារម្ភ ហើយបាននិងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេចក៏បានលើកឡើងដែរថា ការជួញដូរមនុស្ស គឺមិនមែនមានតែប្រទេសកម្ពុជាទេ។
សម្តេច បានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាលក៏ត្រូវការចូលរួមពីគ្រប់សាសនា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសកម្ពុជានឹងអាចត្រូវបានគេបកស្រាយអាក្រក់បំផុតនៅលើពិភពលោក។ នាឱកាសនោះដែរ សម្តេចតេជោក៏បានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់។
ជាមួយគ្នានេះ សម្ដេចបានណែនាំឱមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសលទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់ ជាពិសេសកុំឱ្យកូនចៅរបស់យើងក្លាយជាអ្នករងគ្រោះដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ។ សម្តេចតេជោបន្ថែមថា រឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។
សម្តេចតេជោបានថ្លែងថា បើទោះបីកម្ពុជាមិនមែនជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជាទៅជាជម្រករបស់ភេរវកម្ម។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ដោយឡែកនៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កូវីដមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ៕ដោយ៖ស តារា