ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១, ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ក្នុងរយៈកាលកន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព តាមរយៈការផុ្តល់ដីធ្លី និងផ្ទះសម្បែង ហើយក្រសួងជំនាញក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ទោះបីមានប ញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម ក៏ស្ថាប័ន-អង្គភាពស៊ីវិលស្ទើរទាំងអស់ ពិតជាបានពុះពារ ជម្នះការលំបាកដោយខិតខំបន្តរក្សាការប្រាស្រ័យទាក់ទង និងជួយ ឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំ ហើយសម្ព័ន្ធមេត្រីភាព ដែលកងយោធពលខេមរភូមិន្ទ ពុំអាចបំភ្លេចបាននោះ គឺការជួយ ឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល តែងបានផ្ដល់ជំនួយឧបត្ថម្ភជួយដល់បណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិន តាំងពីដើមរៀងមកដោយឥតមានចន្លោះ ពេល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឈរលើមូលដ្ឋាននេះ ដើម្បីបង្កើនលទ្ធភាពទៅមុខឱ្យមាននិរន្តរភាព និងចីរភាព, អង្គភាពទ័ព និងដៃគូសម្ព័ន្ធមេត្រីភាព ក៏អាចសហការជួយគ្នារៀបចំគិតគូរអំពីការស្វែងរក និងការពង្រីកទីផ្សារឱ្យបានធំ និងរឹងមាំបន្ថែម តាមរយៈការពង្រីកទំហំផលិតកម្មក្នុងទម្រង់ជាសេដ្ឋកិច្ចមាត្រដ្ឋាន ដោយតម្រូវឱ្យមានការរៀបចំសហគមន៍គ្រួសារកងទ័ពដើម្បីបង្កបង្កើនផលសំដៅធានាប្រភពផ្គត់ផ្គង់ទិន្នផលក្នុងទីផ្សារឱ្យបានច្រើនគ្រប់គ្រាន់ និងទៀងទាត់តាមតម្រូវការ។
មេបញ្ជាការកងទ័ពជើងគោករូបនេះ បានបន្ថែមទៀតថា ទិសដៅនេះ ក៏មានលក្ខណៈស្របគ្នាផងដែរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យកសិកម្ម ដូច្នេះដើម្បីជំរុញការងារនេះ គឺទាមទារចាំបាច់ឱ្យមានកិច្ចសហការជិតស្និទ្ធ និងការសម្របសម្រួលអនុវត្តដោយមានយន្តការច្បាស់លាស់ រវាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ, កងទ័ព និងអង្គភាព-ស្ថាប័នស៊ីវិលជាដៃគូសម្ព័ន្ធមេត្រីភាព ជាពិសេសការចូលរួមរបស់ផ្នែកឯកជន។ ពិតណាស់ ក្រៅពីការជួយដល់ការបង្កើនលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព កិច្ចការនេះ ក៏អាចផ្តល់ផលប្រយោជន៍ផងដែរទៅដល់ប្រជាជនទូទៅ តាមរយៈការបង្កើនទីផ្សារក្នុងស្រុក, ការជំរុញការនាំចេញ និងការបង្កើតបែបផែននៃសេដ្ឋកិច្ចមាត្រដ្ឋាន៕ដោយ៖ស តារា