លោក ហ៊ុយ វណ្ណៈ «ការចងចាំ២យ៉ាងក្នុងដួងព្រលឹងខ្មែរ»

ចែករំលែក៖

ភ្នំពេញ : លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះលើ facebook ផ្លូវការ របស់លោក ដោយលើកពី «ការចងចាំ២យ៉ាងក្នុងដួងព្រលឹងខ្មែរ» ក្នុងលោកបានបញ្ជាក់ចំណុចសំខាន់ៗ ចំនួន ៧ ដូចខាងក្រោម :

១/. ខ្មែរយើង មានមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់២ ដែលនៅតែមានតម្លៃសម្រាប់រំលឹកខ្មែរ ដើម្បីកុំឱ្យ «ខ្មែរបាត់ព្រលឹង», កុំឱ្យប្រទេសជាតិរអិលជាថ្មីធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ភាពអាប់ឱន និងវាលពិឃាត។ យើងមិនចាំបាច់រំលឹកដល់សម័យកាលការរីកចម្រើននៃអាណាចក្រអង្គរ និងការបោះបង់ក្រុងអង្គរនោះទេ។ រំលឹកត្រឹមទសវត្សរ៍ថ្មីៗឆ្នាំ១៩៧០ យើងអាចសរុបខ្លី បាននូវប្រយោគមួយឃ្លាថា «បេះដូងខ្មែរ មនោសញ្ចេតនាខ្មែរ ត្រូវគេដកចេញពីព្រលឹងខ្មែរ»។ កម្ពុជាយើងក្នុងអតីតកាល គឺអភ័ព្វខ្លាំងណាស់ ដែលយើងត្រូវចងចាំ៖
២/. ក្នុងសម័យ លន់ ណុល គឺ បរទេស បាន«ខ្វេះខួរក្បាលអ្នកនយោបាយខ្មែរចេញ» ហើយគេញាត់បញ្ចូលវិញ នូវមនោគមន៍វិជ្ជារបស់គេ ឱ្យខ្មែរវង្វេងនូវអ្វីជាព្រលឹងជាតិ រហូតគេសម្រេចបាននូវគោលបំណងក្នុងការប្រែក្លាយកម្ពុជាពី «កោះសន្តិភាព» ទៅជាទីលានសង្គ្រាម និងរណ្តៅគ្រាប់ផ្លោង។
៣/. ក្នុងសម័យ ប៉ុល ពត-ខ្មែរក្រហម គឺ «បេះដូងខ្មែរ» ត្រូវបានចេញខ្វេះចេញពីរាងកាយខ្មែរ ដោយដាក់បញ្ចូលមកវិញនូវ ភាពហិង្សា ព្រៃផ្សៃ និងភាពយង់ឃ្នងហួសនិស្ស័យ។ «ស្នាមញញឹមខ្មែរ» ត្រូវបានដកចេញពីផ្ទៃមុខខ្មែរ ជំនួសវិញដោយ ភាពភ័យខ្លាច និងការបាក់ស្បាត។ សូម្បីតែមនោសញ្ចេតនារវាងកូននិងឪពុកម្តាយ ការស្រឡាញ់គ្នារវាងបុរសនិងស្ត្រី ត្រូវបានគេដកចេញពីមនោសញ្ចេតនាខ្មែរ។ រឿងទាំងនេះខ្លោចផ្សារ និងសោកសង្រេងខ្លាំងណាស់។
៤/. ថ្ងៃ៧ មករា ១៩៧៩ កម្ពុជាបានរស់ឡើងវិញ។ ចាប់ពីពេលនោះ «បេះដូងខ្មែរ» បានវិលចូលមកក្នុងខ្លួនប្រជាជនខ្មែរវិញ ទោះបីកាលៈទេសៈនោះ យើងនៅមានការលំបាកនៅឡើយក៏ដោយ។ ការចេះអាណិតអាសូរគ្នា ការចេះជួយយកអាសារគ្នា និងការចេះចែករំលែកគ្នា ក៏បានកើតឡើងវិញដែរ។ បន្តិចម្តងៗ «ព្រលឹងខ្មែររស់ឡើងវិញ»។
៥/. ចាប់ពីជាង២០ឆ្នាំក្រោយមក រហូតមកទល់បច្ចុប្បន្ន កម្ពុជាយើងបានបន្តប្រឹងឈានឆ្ពោះមកកាន់តែរីកចម្រើន។ ប៉ុន្តែក៏យើងត្រូវកត់សំគាល់ថា ជាមួយនឹងការរីកចម្រើននេះ ក៏វាបានមកជាមួយនូវ៖ បរិបទនយោបាយពហុបក្សនិងប្រជានិយម, ស្ថានភាពសង្គមសម្ភារៈ, ព្រមទាំងឥទ្ធិពលអវិជ្ជមានខ្លះនៃនយោបាយប្រណាំងប្រជែងរបស់បរទេស, និងឥទ្ធិពលអវិជ្ជមានខ្លះនៃសាកលភាវូបនីយម្ម។ ខ្មែរយើងមិនត្រូវភ្លេចខ្លួនទេ។ លើភាពជាក់ស្តែងបរទេសខ្លះ នៅតែប៉ុនប៉ងពង្វក់ខួរក្បាលខ្មែរ។ ក្នុងនយោបាយមហិច្ឆតាអំណាចនិងការសងសឹក គឺអ្នកនយោបាយខ្លះ នៅតែព្យាយាមបង្កើតភាពប្រឈមក្នុងសង្គមខ្មែរ គឺខ្វេះចេញឱ្យបាននូវអ្វីដែលជា «បេះដូងខ្មែរតែមួយ»។ នយោបាយគំនុំ ប្រយោជន៍ និងសម្ភារៈអូសមុខ គឺគ្រោះថ្នាក់ណាស់។ ផ្ទាល់ខ្លួន ដែលខ្ញុំមានពិសោធន៍ខ្លះ គឺខ្ញុំសារភាពថា «សុំខ្លាច»។ ថ្មីៗ គណបក្សព្យុះមិនគ្រប់ទឹកមួយ បានពង្វក់ប្អូនៗ កូនក្មួយជាយុវជន ឱ្យនិយាយយ៉ាងក្រអឺតក្រទម ប្រមាថគ្រួសារ ឪពុកម្តាយ ខ្លួនឯងជាចំហរ ដូចអ្វីដែល ប៉ុល ពត-ខ្មែរក្រហម ពង្វក់ខ្មែរ ហៅអ្នកមានគុណខ្លួនថា «មិត្តម៉ែ-មិត្តឪ» និងខ្លះបាត់បង់មនោសញ្ចេតនា រហូតលើកដៃសម្លាប់សាច់ញាតិគ្រួសារឯង។ រឿងនេះ ខ្មែរមិនត្រូវភ្លេចខ្លួនឡើយ ហើយវាងាយកើតឡើងវិញណាស់ ប្រសិនបើព្រឹត្តិការណ៍២ខាងលើ អាចវិលត្រឡប់មកវិញបាន។
៦/. យើងត្រូវប្រឹងរក្សាបេះដូងខ្មែរ ពង្រីកមនោសញ្ចេតនាខ្មែរ និងជ្រោងព្រលឹងជាតិខ្មែរ ឱ្យខ្ពស់ជានិច្ច ដោយកុំប្រហែស ហើយទាំងអស់នេះ គឺជាតួនាទីរបស់យើង ដោយត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាល ចាប់តាំងពីកុមារ និងយុវវ័យ តទៅ។
៧/. «សន្តិភាព គឺជាដង្ហើមរស់របស់កម្ពុជា», «ខ្មែរមិនត្រូវឆាប់ភ្លេច», «ខ្មែរមិនត្រូវប្រែធាតុ» ហើយ «សាមគ្គីជាតិគ្រប់កាលៈទេសៈ គឺខ្មែរខ្លាំង»៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print