លក្ខខណ្ឌគួរយល់ដឹងអំពី ” ការដោះស្រាយនៅពេលរថយន្តខូច និងការស្វែងរកជំនួយ ” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ : នៅពេលយានយន្តខូច អ្នកបើកបរត្រូវបើកបរ ឬរុញរថយន្តមកខាងស្ដាំតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់កៀកនឹងរនាំងសុវត្ថិភាព រួចត្រូវបើកភ្លើងសញ្ញាអាសន្ន និងត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ចម្ងាយយ៉ាងតិច១០០ម៉ែត្រ ពីក្រោយរថយន្ត។ ប្រសិនបើពេលយប់ងងឹត ឬពេលថ្ងៃមានភ្លៀងធ្លាក់ ត្រូវបើកភ្លើងសញ្ញាអាសន្ន បើកភ្លើងទីតាំង(ភ្លើងដឺមី)ខាងមុខ និងភ្លើងក្រហមខាងក្រោយ ហើយត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ពីក្រោយរថយន្តចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។

ក្នុងករណីនេះ អ្នកបើកបររថយន្តអាចឈប់ ឬចតដើម្បីត្រួតពិនិត្យ ឬជួសជុលរថយន្តក្នុងរយៈពេលមិនលើស៣០នាទីឡើយ ហើយអ្នកបើកបរត្រូវរៀបចំឱ្យអ្នករួមដំណើរទាំងអស់ទៅកាន់ទីសុវត្ថិភាពដែលស្ថិតនៅក្រៅរនាំងការពារ។

ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿនតាមលេខទូរសព្ទបន្ទាន់១៣៩៩។

នៅពេលជួសជុលរួចរាល់ ដើម្បីងាកចូលទៅគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ អ្នកបើកបរត្រូវបង្កើនល្បឿនតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ និងឱ្យភ្លើងសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច៥វិនាទី  ដោយមិនត្រូវឱ្យរំខានដល់ចរាចរណ៍យានយន្តផ្សេងទៀតឡើយ។

សូមជម្រាបជូនផងដែរថា៖ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ។

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print