ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃសុក្រ ៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ ជុំ សេដ្ឋា មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានផ្សព្វផ្សាយពីស្ថានភាពធាតុអាកាសដែលបានកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយតំបន់មួយចំនួនកំពុងជន់លិច ដោយសារទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកហូរធ្លាក់មកពីប្រទេសថៃ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការស្តីទី កងពល បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំងទាំងអស់បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង៣កុំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ : សហការី