ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មថោនលោក ខេម ពិតជាស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រាកដមែនក្រោយពីបងស្រីលោកបានចេញមុខដោះស្រាយជាមួយក្រុមគ្រួសារសព ។ ប៉ុន្តែក្រុមគ្រួសារសពនៅមិនទាន់សម្រេចចិត្តទទួលយកសំណងណាមួយនៅឡើយដោយរង់ចាំកម្មវិធីបុណ្យសពបញ្ចប់រួចរាល់សិន ។
លោក លី ម៉ាត់លី បងប្រុសបង្កើតរបស់លោក លី ការិន ដែលបានស្លាប់ក្នុងហេតុណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាជាមួយតារាចម្រៀងខេមបានបញ្ជាក់ថា បងស្រីរបស់លោកខេម បានមកដល់ផ្ទះរបស់លោកនៅភូមិគីឡូម៉ែតលេខ៨ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ ដោយបានផ្ដល់ប្រាក់មួយចំនួនឲ្យគ្រួសាររបស់លោកចាត់ចែងបុណ្យសពហើយក៏បានទទួលស្គាល់កំហុសបណ្ដាលឲ្យប្អូនប្រុសរបស់លោកត្រូវស្លាប់ក្នុងហេតុការណ៍នោះផងដែរ។
លោកបញ្ជាក់ថា ក្រោយពីបានបញ្ចុះសពប្អូនប្រុសរបស់លោករួចរាល់កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បងស្រីរបស់តារាចម្រៀងខេម បានសុំខ្លួនដោះស្រាយដោយការផ្តល់សំណងដើម្បីកុំឲ្យគ្រួសាររបស់លោកដាក់ពាក្យបណ្ដឹងណាមួយ ។
លោកបន្តថា បងស្រីតារាចម្រៀងខេមបានចេញមុខទទួលស្គាល់ចេញមុខទៅចរចារដើម្បីដោះស្រាយជាមួយគ្រួសាររបស់អ្នកស្លាប់លោក លី ការិន ហើយជាថ្នូរនឹងសុំឲ្យគ្រួសារអ្នកស្លាប់កុំបន្តដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ។
ទោះជាយ៉ាងណាលោកនិងក្រុមគ្រួសារនៅមិនទាន់ទទួលយកសំណងណាមួយពីភាគីតារាចម្រៀងខេមនៅឡើយទេ ប៉ុន្តែលោកបានបង្ហាញពីជំហមិនចង់ឲ្យមានរឿបវែងឆ្ងាយនោះដែរ ។ លោកបញ្ជាក់ថា ក្រុមគ្រួសារលោកនឹងជជែកដោះស្រាយបន្តទៀតក្រោយពីពិធីបុណ្យសពតាមសាសនា អ៊ីស្លាម ត្រូវបានបញ្ចប់ ។ ក្រុមគ្រួសារលោកក៏មិនចង់មានរឿងវែងឆ្ងាយ នោះទេដែលលោកបង្ហាញជំហក្នុងការសម្របសម្រួលណាមួយ ប៉ុន្តែសម្រាប់ចំនួនទឹកប្រាក់ដែលលោកនិងក្រុមគ្រួសារទាមទារមិនទាន់កំណត់នៅឡើយ។ លោកដឹងថា ជីវិតរបស់ប្អូនប្រុសលោកមិនអាចទិញបានដោយទឹកលុយក្តី ប៉ុន្តែភាគីទាំងសងខាងសុទ្ធតែមិនចង់ឲ្យមានរឿងទាំងអស់នេះកើតឡើងនោះដែរ។
តារាចម្រៀងខេមនៅតែមិនទាន់អាចទាក់ទងស្វែងរកការបញ្ជាក់បាននៅឡើយទេ ។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅមុខឃ្លាំងស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-9987 ដែលបើកដោយតារាចម្រៀងខេមបានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងនិងមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-5575 បើកបរដោយឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នាពេលមកដល់ចំណុចកើតហេតុបានបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យឈ្មោះ លី ការីម ជាម្ចាស់ Celica ស្លាប់កៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម៕
ដោយ៖ វឌ្ឍនា