សម្តេចតេជោ ហ៊ុនសែន បញ្ជាអោយបង្ក្រាបល្បែង ទីតាំងទទួលបញ្ចាំខុសច្បាប់ ចាប់មេខ្លោង កុំចាប់តែកូនកញ្ច្រែង , ចំពោះទីតាំងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ មានចាប់ដល់កម្មករ អ្នកសម្អាតអនាម័យ !

ចែករំលែក៖

ភ្នំពេញ : សូមរម្លឹកបន្តិចករណី បង្ក្រាបទីតាំងទទួលបញ្ចាំខុសច្បាប់ នៅតំបន់ឃ្លាំងរំសេវ កាលពីវគ្គទី១- ការចាប់ដឹកនាំបង្ក្រាបតាំងពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំបានចំនួន៥៣ទីតាំង ក្នុងចំណោមជាង៦០ទីតាំង ដោយបានបិទទីតាំងហាងបញ្ចាំចំនួន ១៣ ទីតាំង ចាប់យកម៉ូតូបានចំនួន សរុបចំនួន១១១៣ គ្រឿង រថយន្តចំនួន ១៤ គ្រឿង  passapp ចំនួន ១២ គ្រឿង ម៉ូតូកង់បីចំនួន ៩គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធចំនួន ០៩ នាក់ ក្នុងនោះដូចជាមាន បុគ្គលិក កម្មករ និងអ្នកសម្អាតអនាម័យផងដែរ ។
ដោយឡែកវគ្គទី២ – ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ត្រួតពិនិត្យ ៣ទីតាំង បិទទាំង៣ (ក្នុងនោះ២ទីតាំងម្ចាស់មិនសហការគេចខ្លួន , មាន១ទីតាំងសហការឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ និងចាប់យកម៉ូតូ១៤០គ្រឿង ឃាត់មនុស្សស្រីម្នាក់ ។
សូមបញ្ជាក់ថា, យុទ្ធនាការនេះ មានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខណះជាយុទ្ធសាស្ត្រលុបបំបាត់បទល្មើស កម្ចាត់ទីផ្សារចោរកម្ម លួច ឆក់ ប្លន់ ។ ប៉ុន្តែគួរបន្តស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកចាប់ខ្លួនមេខ្លោងផង ដួចអ្វីដែលសម្តេចតេជោ ហ៊ុនសែន ផ្តល់អនុសាសន៍ និងចេញបទបញ្ជា ជៀសវាងចាប់ឃាត់ខ្លួន បុគ្គលិក កម្មករ អ្នកសម្អាត អនាម័យ ដែលមិនមែនជាសហចារី ក្នុងការប្រព្រឹត្តបទល្មើស អាចពួកគាត់ក្លាយជាជនរងគ្រោះ ហើយមេខ្លោងគេចរួចខ្លួនរហូត។
ប៉ុន្មានថ្ងៃនេះមានអ្នកខ្លះលើកឡើងថា, មានព័ត៌មានឃាត់ខ្លួនជនពាក់ព័ន្ធហាងបញ្ចាំខុសច្បាប់បញ្ជូនទៅតុលាការ។ ម្នាក់ៗហាក់បានសាទរច្រើន តែក៏រាងស្រងាកចិត្តបន្តិចវិញ ក្រោយឃើញថា អ្នកទាំងនោះជាបុគ្គលិក ឬជាអ្នកអនាម័យជាដើម។

បើតួនាទីនេះជាការពិត ជារឿងមួយអាណិតដល់ពួកគេ ព្រោះតួនាទីនេះ មិនគួរជាអ្នកទទួលខុសត្រូវខ្ពស់នោះទេ។ តែក៏អាចជាល្បិចគេចវេសរបស់ជនល្មើសដែរ។ ដើម្បីគេចពីការទទួលខុសត្រូវផ្នែកច្បាប់អាចមានថៅកែខ្លះ បន្ទាបឋានៈរបស់ខ្លួនមកជាកម្មករ ឬបុគ្គលិក។

ទោះជាយ៉ាងណាសង្ឃឹមថា សមត្ថកិច្ច និងតុលាការរកឃើញជនទទួលខុសត្រូវខ្ពស់មកទទួលទោស ដើម្បីកុំឱ្យពួកគេមើលងាយសំណាញ់ច្បាប់ និងមើលស្រាលមន្ត្រីអនុវត្តន៍ច្បាប់។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ណែនាំសមត្ថកិច្ចបង្ក្រាបល្បែង ត្រូវរកឲ្យឃើញមេខ្លោងធំ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍គូសបញ្ជាក់ថា ,បើបង្ក្រាបបនល្បែង ត្រូវស្វែងរកចាប់មេខ្លោង, ឧទាហរណ៍ : បញ្ហាឆ្នោតជាដើម ត្រូវចាប់នរណាជាមេខ្លោង ហើយកុំចាប់អ្នកមកចាក់ គួរពន្យល់អប់រំប្រជាពលរដ្ឋយើងឈប់ឱ្យគាត់លេង ប៉ុន្តែមេខ្លោង និងអ្នកដើរកត់កន្ទុយលេខ ត្រូវតែចាប់និងបញ្ជូនទៅតុលាការ។
តាមរយៈប្រសាសន៍នេះ មជ្ឈដ្ឋានទូទៅរបស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមគាំទ្រប្រសាសន៍សម្តេចតេជោក្នុងការបោសសំអាតល្បែងស៊ីសង។ ក្នុងនោះពួកគាត់ សង្ឃឹមថាកាស៊ីណូអនឡាញ នឹងត្រូវបានរឹតដ្បិតសម្រាប់ពលរដ្ឋខ្មែរ ក៏ដូចជាបង្ក្រាបអោយចំអនុសាសន៍ បទបញ្ជារបស់សម្តេចតេជោផង ខណៈកាស៊ីណូអនឡាញបំផ្លាញ និងបន្សល់ការឈឺចាប់ដល់ពលរដ្ឋខ្មែរច្រើនណាស់ ហើយកន្លងទៅសារព័ត៌មាន ផ្សព្វផ្សាយ ងាយគ្រោះថ្នាក់ណាស់ ។ ករណីខ្លះរៀបជាអន្ទាក់ដើម្បីអោយអ្នកសារព័ត៌មាន ទទួលយកសំណូក ឬផលប្រយោជន៍ តែអ្នកសារព័ត៌មាន ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ គាត់មិនត្រូវការទេអំពើខុសច្បាប់ ។ ករណីខ្លះទៀត សមត្ថកិច្ចទៅប្រាប់អោយម្ចាស់ទីតាំងបិទកន្លែងលេងសិន រួចចុះបង្ក្រាប បង្ហាញលទ្ធផលថា, រកអត់ឃើញអ្នកលេង មានតែសំភារៈ ឧបករណ៍បម្រើអោយល្បែងសុីសងគេទុកចោល , ករណីខ្លះទៀត អត់បានចុះស្រាវជ្រាវ ស៊ើបអង្កេត តាមតម្រុយចុះផ្សាយទេ គឺប៉ះចំឆ្នាំងបាយ ក៏បំភ្លឺថា, ផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ខណៈមានអ្នកធំខ្លះនៅពីក្រោយជាដើម។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, បញ្ហាល្បែង កន្លែងបញ្ចាំខុសច្បាប់ គ្រាន់តែរាជធានីភ្នំពេញ និងខេត្តកណ្តាល ប៉ុណ្ណោះ បង្ក្រាបបានរាប់ពាន់កន្លែង ហើយសម្តេចបានជម្រុញថា, មិនមែនបង្ក្រាបហើយ អោយបើកវិញទេ គឺបិទ ហើយបង្ក្រាបរហូត មិនអោយមានដាច់ខាត ។
សម្តេចតេជោ ហ៊ុន សែន ណែនាំសមត្ថកិច្ចបង្ក្រាបល្បែងត្រូវរកឱ្យឃើញមេខ្លោងធំ។ កុំចាប់តែកូនកញ្ច្រែង! តែទីបំផុត ! ករណីបង្ក្រាបនិងឆែកឆេរជាច្រើនទីតាំងនៅ តំបន់ ឃ្លាំងរំសេវ ឮថា , មេខ្លោងដូចជាចាប់មិនសូវបាន រអិលៗរហូតពីដៃអស់ (គេចខ្លួនអស់) អ្វីដែលរងគ្រោះ ឃាត់បានភាគច្រើនតែ បុគ្គលិក អ្នកសម្អាត អនាម័យ នេះជាដើម ។ បញ្ហានេះ គួរសមត្ថកិច្ច អាជ្ញាធរ តំណាងអយ្យការខ្លះ ដែលសម្របសម្រួលនីតិវិធី ត្រូវញែកអោយដាច់ ពីបទល្មើស ត្រង់ថា , អ្នកលើកដាក់ លីសែង

ស៊ីឈ្នួល ជាបុគ្គលបម្រើពលកម្ម រួមទាំងអ្នកសម្អាតអនាម័យផង តើគាត់ត្រូវចាត់ចូលថា មានបទល្មើសដែលមែន តើគាត់មានសិទ្ធិទទួលបញ្ចាំ មានសិទ្ធិ យកលុយពីថៅកែទទួលម៉ូតូ បានមកផលចោរកម្ម ម៉ូតូគ្មានឯកសារគ្រប់គ្រាន់ដើម្បីចេញមុខអោយថៅកែបានទេ ? តើគាត់ជាសហចារី ប្រព្រឹត្តជាមួយថៅកែ ឬម្ចាស់ទីតាំងទទួលបញ្ចាមែន ? នេះជាចំណុចដែល បង្កើតជាការងើយឆ្ងល់ !
បើតាមការបញ្ជាក់អោយដឹងខ្លះ នៅតំបន់ឃ្លាំងរំសេវនេះ មានកន្លែងទីតាំងទទួលបញ្ចាំប្រមាណជា២០០កន្លែង គ្រាន់ថា, មានច្បាប់ប៉ុន្មាន ? អត់ច្បាប់ប៉ុន្មាន ? ទទួលបញ្ចាំស្របតាមគោលការច្បាប់ ឬក៏អត់ ?

ជុំវិញបញ្ហានេះ អ្នកច្បាប់បានលើកឡើងថា, ការទទួលផលចោរកម្ម គឺជាបទល្មើស ព្រហ្មទណ្ឌមួយដែលត្រូវបានចែងនៅក្នុងមាត្រា ៣៩៩នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយ ត្រូវបានឲ្យនិយមន័យថា ” គឺជា អំពើទទួលលាក់បំបាំងរក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនោះបានមកពី បទឧក្រិដ្ឋ ឬ បទមជ្ឈិម។ មិន ត្រឹតែប៉ុននោះទេគឺមានសកម្មភាពមួយចំនួនទៀត ដែលគេចាត់ទុកថា ជាការទទួលផលចោរកម្មផងដែរ សកម្មភាពនោះ មានដូចជា :

➊ អំពើធ្វើជាអន្តការី ( ការជួយសម្រួល ឬផ្តល់ជាមធ្យោបាយ ដល់នរណាម្នាក់ ) ដើម្បីបញ្ជូន វត្ថុអ្វីមួយដោយដឹងថារបស់នោះបានមកពី បទឧក្រិដ្ឋ ឬ បទមជ្ឈិម។

➋ អំពើដែលបានទទួលផល ពីផលនៃបទឧក្រិដ្ឋ ឬ បទមជ្ឈិម ដោយដឹងបានដឹងហេតុការច្បាស់( មាត្រា ៣៩៩) ។

បទទទួលផលចោរកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ ឆ្នាំទៅ ៥( ប្រាំ ) ឆ្នាំ និងពិន័យជាប្រាក់ ពី ៤.០០០.០០០( បួនលាន )រៀល ទៅ ១០.០០០.០០០( ដប់ លាន ) រៀល ( មាត្រា ៤០០) ។ បទល្មើស ទទួលផលចោរកម្ម ក៏មានស្ថានទម្ងន់ទោសផងដែរ ស្ថានទម្ងន់ទោស ទាំងនោះ មានចែងក្នុងមាត្រា ៤០១ នៃក្រមព្រហ្មទណ្ឌ កាលណាអំពើនោះប្រព្រឹត្តឡើង :

➊ ជាទម្លាប់ ។

➋ ដោយប្រើប្រាស់ ភាពងាយស្រួល ដែលការប្រកបសកម្មភាព វិជ្ជាជីវៈផ្តល់ឲ្យ ។

➌ ការប្រព្រឹត្ត ជាក្រុម មានការចាត់តាំង ។

បទល្មើសដែលមានស្ថានទម្ងន់ទោសបែបនេះ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ពី ៥ ( ប្រាំ ) ឆ្នាំ ទៅ ១០ ( ដប់ ) ឆ្នាំ ។ អតិបរមា នៃ ទោស ពិន័យអាចស្មើនឹងតម្លៃវត្ថុ នៃអំពើទទួលផលចោរកម្ម( មាត្រា ៤០២) ឧទាហរណ៍ថាប្រសិនបើយើងបានទទួល រក្សាទុក លាក់បំបាំង ឬបញ្ជូនវត្ថុ អ្វីមួយ ដោយដឹងថាវត្ថុនោះ បានមកដោយមិនស្របច្បាប់ ហើយវត្ថុនោះ មានតម្លៃគិតជាទឹកប្រាក់ ១ លាន រៀល។ ដូចនេះប្រសិនបើយើងបាន ប្រព្រឹត្តបទល្មើសដូចមានចែងខាងលើ នោះយើងនិងត្រូវទទួលនៃការផាកពិន័យទឹកប្រាក់ ១ លាន រៀលដែរ ។

បទល្មើសនេះ មានធាតុផ្សំ ដូចជា ៖

ទី ១- ធាតុនីត្យានុកូល ឬធាតុច្បាប់ បទល្មើស មានចែង ក្នុង មាត្រា ៣៩៩ ដល់ មាត្រា ៤០៣ ។

ទី ២- ធាតុសម្ភារៈ ឬសត្យានុម័ត : អំពើប្រព្រឹត្តឡើង ក្រោមរូបភាពជាការទទួលលាក់បំបាំង រក្សាទុកឬបញ្ជូនវត្ថុ អ្វីមួយ ដោយដឹងថាវត្ថុ នោះ បានមកដោយខុសច្បាប់ ហើយបទល្មើសនោះបានសម្រេចផលទៅតាមអ្វីដែល ជនល្មើសចង់បាន ។

ទី ៣-ធាតុអត្តនោម័ត ឬចិត្តសាស្ត្រ : ជនល្មើស មានចេតនាទុច្ចរិតប្រព្រឹត្តបទល្មើស ។

ការប្រព្រឹត្តបទល្មើសនោះគឺ ជនល្មើសមានគំនិតទុច្ចរិត គ្រោងទុកជាមុន ដើម្បីធ្វើសកម្មភាពរបស់ខ្លួន ។ ជនល្មើស ក៏បានដឹងជាមុនផងដែរ នូវរាល់ទង្វើ ឬសកម្មភាព ដែលនាំឲ្យមានព្យសនកម្ម( ការខូចខាត )កើតមានឡើង និងទោសទណ្ឌ ពីអំពើដែលខ្លួនបានប្រព្រឹត្ត។

ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវ វិធានការ ដើម្បីទប់ស្កាត់ នូវរាល់បទល្មើស ដែលកើតមានឡើង និងដើម្បី ធ្វើការ អប់រំដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹង អំពី បទល្មើស នេះ។
ពាក់ព័ន្ធករណីនេះ លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងថា, សូមបញ្ជាក់ករណីឃាត់ខ្លួនមនុស្ស៩នាក់ដែលពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងសុីបញ្ចាំល្មើសច្បាប់​ ៖
-ករណីទី១ ឃាត់ខ្លួនថៅកែ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន៤នាក់ សរុប៥នាក់ ។
-ករណីទី២ ឃាត់ខ្លួនថៅកែ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន៣នាក់ សរុប៤នាក់ ។
លោកអភិបាលរងរាជធានីភ្នំពេញបន្តថា, សូមមេត្តាទុកជូនតុលាការធ្វើការតាមច្បាប់ ។
លោកថា, ថៅកែនិងកម្មករគឺផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើស។
លោក ឃ្លាំង ហួត បានលើកឡើងថា ,បញ្ហាកុងសុីបញ្ចាំខុសច្បាប់ជាប្រភពនាំឱ្យមានបទល្មើស និងប៉ះពាល់ដល់ជីវភាពប្រជាជនមានចំណូលទាប ។
-បេសកកម្មបង្រ្កាបល្បែងសុីសងខុសច្បាប់ កុងសុីបញ្ចាំខុសច្បាប់ ជាភារកិច្ចអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធត្រូវអនុវត្តដោយការទទួលខុសត្រូវខ្ពស់ ។
-ការមិនចូលរួមមិនអើពើរបស់មន្ត្រី​ កងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ..គឺ.. ស្មើនឹងមើលងាយបទបញ្ជាថ្នាក់ដឹកនាំ មើលងាយប្រជាជនស្លូតត្រង់ ។
-ទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀតត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់ ។

សូមជម្រាបជូនថា, ការបង្ក្រាបត្រូវបន្តធ្វើដូចភ្លៀងរលឹម ប៉ុន្តែធ្វើយ៉ាងណា ឃាត់ខ្លួនមេខ្លោងអោយបានផង ដូចអ្វីដែលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ខណៈអ្នកបើកហាងបញ្ចាំ ហ៊ានទទួលយកម៉ូតូបានមកពី ផលចោរកម្ម ពីម៉ូតូ អត់មានឯកសារស្របច្បាប់ មិនមែនជាអ្នករកសុីធម្មតាឡើយ អាចមានខ្នងបង្អែក ប៉ុន្តែដល់ដំណាក់កាលនេះ ខ្នងបង្អែកទប់មិនជាប់ទេ ៕

...

ដោយ : មជ្ឈមណ្ឌលព័ត៌មាន ” នគរវត្ត “

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print