ខេត្តកំពង់ធំ ៖ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការឆ្មក់ចាប់រថយន្តដឹកផលអនុផលព្រៃឈើ(អុស) ខុសច្បាប់ ខណៈពេលព្យាយាមបើករត់គេចពីជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ តែយ៉ាងណាត្រូវអស់លក្ខណ៍នៅចំណុចគល់ស្ពានព្រៃប្រស់ ក្នុងស្រុកកំពង់ស្វាយ ដោយសមត្ថកិច្ចឃាត់បាន។
ក្នុងប្រតិបត្តិការបង្ក្រាបរថយន្តដឹកផលផលព្រៃឈើ(អុស)ខុសច្បាប់នេះ ក្រោមការដឹកនាំដោយលោក ស៊ី កុលស នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយនឹង កម្លាំងនគរបាលស្រុកកំពង់ស្វាយ នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ ព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។
លោក ស៊ី កុលស នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងនាថ្ងៃទី០៣ ខែតុលានេះថា ក្នុងប្រតិបត្តិការបង្ក្រាបរថយន្តខាងលើនេះគឺកម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវ យ៉ាងល្អិតល្អន់រហូតឈានមកដល់ការបង្ក្រាបបានលទ្ធផលល្អ។
យោងតាមប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យដែលដឹកជញ្ជូនផលអនុផលព្រៃឈើ(អុស)ខុសច្បាប់មានជាង ២០ស្ទែរ(ម៉ែត្រគីប) ហើយយើងឃាត់រថយន្ត កូរ៉េ១គ្រឿង ចំណុះ២,៥តោន ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ផ្លាកលេខ ហ.០១២៤ ភ.ព៣ ។ ម្ចាស់រថយន្តឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិពពិជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
បើយោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ផលអនុផលព្រៃឈើនេះគឺដឹកជញ្ជូនចេញពី ព្រៃសហគមន៍ស្រែក្រសាំង ស្ថិតនៅ ភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ។
បច្ចុប្បន្នរថយន្តដឹកបទល្មើសខាងលើរួមទាំងជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ៖ មន្នី