ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង : លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នាព្រឹកថ្ងៃអង្គារ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុកស្វាយទាបចំនួន២រូបរួមមាន៖
លោក ផាន់ បូរ៉ា ឋានន្តរស័ក្តិ អនុមន្រ្តី ថ្នាក់លេខ២ និងលោកស្រី ផន ស៊ីណាត ឋានន្តរស័ក្តិអនុមន្រ្តី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយទាប។

មានប្រសាសន៍នៅក្នុងពិធីនេះ លោកស្រីអភិបាលរងខេត្តបានផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដល់គណៈអភិបាលស្រុកដូចខាងក្រោម៖
១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។
២.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុកឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
៤. រដ្ឋបាលស្រុក ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩(៣ការពារ៣កុំ) ជម្រុញដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀតទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ទី៣ ទី៤ និងទី៥) ។
៥. រដ្ឋបាលស្រុក ត្រូវជួយគាំទ្រដល់រដ្ឋបាលឃុំ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវា​ ត្រូវប្រកាន់ភ្ជាប់នូវ​ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ មិនត្រូវរើសអើង ការបែងចែកបក្សពួក និងនិន្នាការនយោបាយនោះឡើយ។
៦.រដ្ឋបាលស្រុក ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈ មកធ្វើជាកម្មសិទ្ធឯកជន ឬតាំងលក់ដូរនូវទំនិញផ្សេងៗទៀត ដែលជាហេតុនាំឱ្យបាត់បង់សោភ័ណ្ឌភាពស្រុក។
៧.រដ្ឋបាលស្រុក ត្រូវមានវិធានការឱ្យបានតឹងរឹងចំពោះជនខិលខូច ដែលមានបំណងទន្រ្ទានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
៨.ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឱ្យបានញឹកញាប់ ដើម្បីក្តាប់ឱ្យបាននូវតម្រូវការ និង បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយឱ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print