ខេត្តកោះកុង៖ ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះស្រ្តី ២នាក់នៅភូមិកោះប៉ោ ដែលគ្រប់ខែបានឆ្លងទន្លលើអូរប៊័រនិងទូក នៅពេលនេះកំពុងត្រូវបានប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្រ្តីសុខាភិបាល និងបុគ្គលិកមន្ទីរពេទ្យ យកចិត្តទុកដាក់ជាខ្លាំងដោយបានចុះសួរ សុខទុក្ខ ផ្ដល់ថវិកាមួយចំនួន និងលើកលែងការបង់សេវាសម្រាកពេទ្យ ផងដែរ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានឲ្យដឹងនៅថ្ងៃទី ៤ ខែតុលានេះថា ក្រុមគ្រូពេទ្យរបស់លោក បាននាំគ្នាចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលសម្រាលកូនតាមផ្លូវនៅលើអូប៊័រលើដៃសមុទ្រ នៅយប់អាធ្រាតកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ និងស្ត្រីម្នាក់ទៀត ក៏បានសម្រាលកូននៅលើកូនទូក នៅ ពេលគាត់កំពុងធ្វើដំណើរតាមទូក មកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូកកន្លងទៅថ្មីៗនេះ។
ស្ត្រីដែលសម្រាលកូនលើអូរប៊័រមានឈ្មោះ លឹម ម៉ាប់ អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិកោះប៉ោ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា។ បន្ទាប់ពីបានជួយសង្គ្រោះនៅនឹងកន្លែងរួចមក ក្រុមគ្រូពេទ្យក៏បញ្ជូនស្រ្តីជាម្តាយមកសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទទួលបានជោគជ័យទាំងម្តាយ និងកូន។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បន្ថែមថា កូនដែលសម្រាលបានមានទំងន់ ១៨០០ក្រាម ភេទប្រុស អាយុនៃផ្ទៃពោះ ៧ ខែ ដែលជាកូនលើកទី ១។ ដោយឡែកកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ត្រីម្នាក់ទៀត ក៏បានសម្រាលកូននៅលើកូនទូក នៅពេលគាត់កំពុងធ្វើដំណើរតាមទូក មកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូក។
ស្រ្តីជាម្តាយមានឈ្មោះ តាំ គ្រីម អាយុ ៣៤ឆាំ មានទីលំនៅភូមិកោះ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសម្រាលបានកូនស្រីមួយ ទំងន់ ២៥០០ក្រាម។ ក្រុមគ្រូពេទ្យ បានជួយសង្រ្គោះទាំងម្តាយ និងទារកប្រកបដោយសុវត្ថិភាព ព្រមទាំងដឹកបញ្ចូនតាមរថយន្តសង្រ្គោះបន្ទាន់ មកកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ទាក់ទងនឹងស្រ្តីសម្រាលកូនលើទូក ឬអូរប័រនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញថា នៅឆ្នាំ ២០២១ មិនមានករណីស្រ្តីសម្រាលកូនលើអូរប័រ ឬទូកនោះទេ ពោលគឺទើបតែពាក់កណ្តាលឆ្នាំ ២០២២នេះ។ កន្លងទៅស្រ្តីទាំង ២ ខាងលើ បានមកទទួលសេវាពិនិត្យផ្ទៃពោះជាប្រចាំ តាមការណាត់របស់គ្រូពេទ្យ។ ប៉ុន្តែអាចមកពីចាប់អារម្មណ៍ដល់ថ្ងៃគ្រប់ខែត្រូវសម្រាល លុះដល់ពេលឈឺទើបបញ្ចូនមកកាន់មន្ទីរពេទ្យ។
ដើម្បីជាការលើកទឹកចិត្ត និងចូលរួមចែករំលែកការលំបាករបស់ស្រ្តីទាំង ២ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន និងមន្រ្តីសុខាភិបាលបុគ្គលិករបស់មន្ទីរពេទ្យបានចុះសួរសុខទុក្ខពួកគាត់ដោយនាំយកថវិកាមួយចំនួន និងផ្តល់ជូនការលើកលែងការបង់សេវាសម្រាកពេទ្យផងដែរ៕
ដោយ៖ សូរិយា