ខេត្តសៀមរាប៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត សៀមរាបក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានត្រៀមពូជស្រូវ និងគ្រាប់បន្លែច្រើនប្រភេទ ដើម្បីចែកជូនកសិករសម្រាប់ដាំដុះឡើង វិញក្រោយពីទឹកជំនន់។ មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា ដំឡូងមីក្នុងទំហំរាប់ពាន់ហិកតា ក្នុងស្រុកវ៉ារិននិងស្រុកស្រីស្នំអាចខូចខាតដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ដសៀមរាបឱ្យដឹងថា រហូតមកដល់ពេលនេះ ដោយសារតែបន្ត មានភ្លៀងធ្លាក់ខ្លាំងហូរចុះពីតំបន់ជួរភ្នំដងរែក ធ្វើឱ្យទឹកនៅតែហក់ឡើងខ្ពស់នៅឡើយ នៅក្នុងស្រុកស្រីស្នំ របស់ខេត្តសៀមរាប ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។ ជំនន់ដែលកំពុងជន់លិចជាច្រើនថ្ងៃមកហើយនោះ អាចនឹងធ្វើឱ្យដំឡូង មីជាច្រើនពាន់ហិកតា នៅស្រុកវ៉ារិន និងស្រុកស្រីស្នំ អាចខូចខាត ខណៈដែលស្រុកចំនួន៧ផ្សេងទៀត ដែលទឹកកំពុងជន់លិចដំណាំស្រូវដែរនោះ អាចមិនទាន់ ខូចខាតនៅឡើយទេ។
លោកប្រធានមន្ទីរបានឱ្យដឹងថា ដោយសារតែខេត្ត សៀមរាប កំពុងរងគ្រោះដោយទឹកជំនន់នេះ គឺគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមទុកពូជស្រូវ គ្រាប់បន្លែជាច្រើនប្រភេទ រួមទាំងថ្នាំសម្លាប់ សត្វផងដែរ ដើម្បីចែកជូនដល់កសិករឱ្យបង្កបង្កើនផលឡើងវិញ បន្ទាប់ពីទឹកជំនន់បានស្រកអស់។ បន្ថែមលើនេះ មន្ទីរកសិកម្ម ក៏បានត្រៀមវ៉ាក់សាំង និងថ្នាំបង្ការ ដើម្បីចុះចាក់ និងព្យាបាលសត្វ ជូនកសិករផងដែរ។
មន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៃរដ្ឋ បាលខេត្តសៀមរាប បានបង្ហាញថា តាំងតែពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ពេលនេះ ជំនន់ទឹកភ្លៀងក្នុងខេត្ត សៀមរាបបណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាពល រដ្ឋចំនួនជាង ២៥០០០គ្រួសារ,ភូមិចំនួន៣២៥,ឃុំចំនួន ៦៣ នៃស្រុកចំនួន៩ រួមមាន៖ ស្រុកស្រីស្នំ,ក្រឡាញ់, ជីក្រែង,អង្គរជុំ,វ៉ារិន,ពួក,សូទ្រនិគម,ប្រាសាទបាគង និងស្រុកអង្គរធំ។
គ្រោះធម្មជាតិនេះធ្វើឱ្យប៉ះពាល់ស្រូវពង្រោះទំហំជាង ៣២០០០ហិកតា,ដំឡូងមី ជាង៤០០០ហិកតា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្នែក ដូចជា លិចបរិវេណផ្ទះកម្រិតស្រាលជាង ៦៨០០ខ្នង និងធ្ងន់ ចំនួន២៩ខ្នង លិចផ្លូវ ប្រវែងជាង១៦៣ពាន់ម៉ែត្រ និងខូចខាតប្រវែងជាង៥ពាន់ម៉ែត្រ លិចខ្នងទំនប់ ខ្នងប្រឡាយ ប្រវែងជាង២១ពាន់ម៉ែត្រ និងខូចខាតប្រវែង៩៥ម៉ែត្រ។ លិចស្ពាន៣កន្លែង និងខូចខាត ប្រវែង១៦ម៉ែត្រ។ ទឹកជំនន់ បានសម្លាប់សត្វគោ១ក្បាល និងបណ្ដាលឱ្យសត្វមាន់ និងទាងាប់ ចំនួន ៦៧៦ក្បាល៕