លោក ហ៊ុយ វណ្ណៈ បានរំលឹកសម័យកាល «សិស្ស ស្វែងរកសាលារៀន»

ចែករំលែក៖

ភ្នំពេញ : លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានសំណេរលើផឹកផ្លូវការយ៉ាងដូច្នេះថា, រំលឹកសម័យកាល «សិស្ស ស្វែងរកសាលារៀន»។
លោករដ្ឋលេខាធិការបានបន្តថា, • កុមារ និង យុវជន ក្រោយសម័យ ប៉ុល ពត ប្រហែលជួបដំណើរជីវិតស្រដៀងខ្ញុំ ហើយខ្លះក៏អាចជួបការលំបាកជាងសាច់រឿងដែលខ្ញុំរៀបរាប់ទៅទៀត។
• យើងខ្ញុំចូលរៀនដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ កុដិព្រះសង្ឃ គឺជាថ្នាក់រៀន។ បន្ទាប់មក គណៈកម្មការវត្តនិងអជ្ញាធរ បានប្រឹងប្រែងសាងសង់បន្ទប់រៀន ជញ្ជាំងធ្វើពីដើមគរ និងឬស្សី។ កុមារជាសិស្ស ត្រូវជួយលើកផ្លូវចូលសាលារៀន។ សិស្សរៀនពីថ្នាក់មតេយ្យ ឡើងទៅថ្នាក់ដំបូង ទើបចូលថ្នាក់ទី១។ មិត្តរួមថ្នាក់ខ្ញុំ ជាពិសេសស្រីៗ ដែលអាយុច្រើន ខ្លះជាង២០ឆ្នាំ ខ្លះក៏ឈប់រៀនត្រឹមថ្នាក់ទី៣ឬទី៤ ដោយសារខ្មាស់ក្មេងៗ។ ចាប់ពីថ្នាក់ទី៤ ខ្ញុំក្លាយជាប្រធានកុមារឈានមុខប្រចាំសាលា។ មេកុមារឈានមុខ លើសគេត្រង់ថា ពេលមានពិធី គឺបានអង្គុយជាតំណាងសិស្ស ជាមួយគណៈអធិបតី ហើយបានទឹកដូងផឹក។ រដូវធ្វើស្រែ សិស្សត្រូវជួយបង្កបង្កើនផលដកស្ទូង ច្រូតកាត់ ទាំងស្រូវសាលា និងស្រូវរបស់លោកគ្រូ អ្នកគ្រូ។ ជូនកាលពេលរសៀល យើងឮគ្រាប់កាំភ្លើងផ្លោង នៅម្តុំភ្នំដំរីរមៀល ច្បាំងជាមួយកងទ័ពខ្មែរក្រហម។ ជូនកាលស្តាប់តាមប៉ុស្តិ៍វិទ្យុរដ្ឋាភិបាល និងស្តាប់តាមវិទ្យុចល័តរបស់ខ្មែរក្រហម។ ពេលទំនេរ ចូលចិត្តលេងអុក ដោយមានដៃគូម្នាក់ រួមដៃគ្នាប្រកួតជាមួយ តាមេឃុំ។ បើឈ្នះគាត់ គឺគាត់មិនងាយឱ្យឈប់ទេ។ ក្រៅពីនោះ ពេលខ្លះ ជួលសៀវភៅប្រលោមលោករូបភាព យកមកអានកម្សាន្ត។
• ថ្នាក់អនុវិទ្យាល័យ យើងផ្លាស់ទៅរៀននៅសាលាកម្រង ឆ្ងាយពីផ្ទះប្រមាណ៤គីឡូម៉ែត្រ។ សម័យនោះ ផ្លូវធ្វើដំណើរលំបាកណាស់ ហើយបើរដូវភ្លៀង គឺកង់ជិះមនុស្សវិញហើយ។ រៀននៅសាលាកម្រង មួយរយៈក៏ប្តូរមកសាលាជិតផ្ទះវិញ ដោយសារបង្កើតបានថ្នាក់អនុវិទ្យាល័យ។ ប៉ុន្តែ ដោយសារខ្វះគ្រូ សាលាត្រូវខ្ចីគ្រូពីសាលាកម្រង មកជួយបង្រៀនសិស្ស។
• ថ្នាក់វិទ្យាល័យ យើងខ្ញុំត្រូវទៅរៀននៅវិទ្យាល័យនៅទីរួមស្រុកគឺ «វិទ្យាល័យព្រៃល្វា» ដែលមានចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រពីផ្ទះ។ សម្រាប់ការធ្វើដំណើរ បើនៅរដូវវស្សា ក្នុងចម្ងាយផ្លូវនេះ គឺប្រើពេល២ម៉ោង ទៅ៣ម៉ោង។ បើរដូវប្រាំង ប្រើពេលជាង១ម៉ោង។ ជំនាន់នោះ២ស្រុក គឺស្រុកព្រៃកប្បាស និងស្រុកអង្គរបុរី មានវិទ្យាល័យតែ១ទេ។ ដែលលំបាកជាងគេ គឺស្ត្រី ដែលមិនអាចបន្តសិក្សានៅថ្នាក់វិទ្យាល័យ ដោយសារម្យ៉ាង ផ្ទះឆ្ងាយពីសាលាពេក។ ជំនាន់ខ្ញុំរៀនថ្នាក់វិទ្យាល័យ គឺស្ទើរតែគ្មានមិត្តរួមថ្នាក់ជាស្ត្រី ក្នុង១ថ្នាក់មានត្រឹម២នាក់ ហើយដល់ថ្នាក់ទី១០ ឬ១១ ដូចជាគ្មានស្ត្រីតែម្តង។ ចូលរៀនថ្នាក់វិទ្យាល័យដំបូង ឪពុកយកខ្ញុំទៅផ្ញើឱ្យរស់នៅផ្ទះម្តាយមីង។ បន្ទាប់ពីស្នាក់នៅបាន១ឆមាស ក៏សុំគាត់ចេញមករស់នៅតូបវិញ ដែលគេហៅថា «ក្មេងតូប»។ ជំនាន់នោះដែរ ប្រជាជនយើងចិត្តល្អ មិនកំណាញ់ដីទេ។ អ្នកភូមិខ្លះ ផ្តល់ដី៣x៤ម៉ែត្រ ឬតូចជាងនេះ ឱ្យសិស្សធ្វើតូចស្នាក់នៅដើម្បីបានបន្តការសិក្សា។ ខ្លះក៏ធ្វើតូបស្នាក់នៅតាមខ្នងព្រែក តាមតែអាចធ្វើបាន។ តូប តូចៗធ្វើពីឫស្សី ប្រក់ស្លឹកត្នោត និងកក់ មានទំហំសម្រាប់អាចរស់នៅបាន២នាក់ ខ្លះ៣នាក់។ ល្ងាចថ្ងៃសុក្រ យើងត្រឡប់ទៅផ្ទះ ដើម្បីយកអង្ករ ត្រីសាច់ មកទុកហូបបាន៥ថ្ងៃ។ ល្ងាចថ្ងៃអាទិត្យ ត្រឡប់មកតូបវិញ ដោយដឹកស្បៀង ដឹកទាំងអុស និងប្រេងកាត សម្រាប់ដុតបំភ្លឺ។ យើងខ្ញុំ បើខែកត្តិក រស់ដោយសារត្រីអន្លង់។ ក្មេងតូបទាំងឡាយ អាចនឹកដល់ដំណើរជីវិតរបស់យើងគ្រានោះ។ ក្នុង១សប្តាហ៍ មានលុយត្រឹម២ពាន់រៀល គឺច្រើនពេកហើយ។ អាហារពេលព្រឹករបស់យើងគឺ មិនបាច់រៀបរាប់… ថ្ងៃខ្លះបើអស់ស្វាយខ្ចីគឺបូតស្លឹកអំពិល ចិញ្ច្រាំលាយទឹកអំបិល។ មុនពេលប្រឡងបាក់ឌុប យើងខ្ញុំបានទៅរៀនត្រៀម នៅវិទ្យាល័យតាកែវ ឯទីរួមខេត្ត រយៈពេល៣ខែ។ ការធ្វើដំណើរ គឺដោយជិះកង់រយៈពេល១ម៉ោង ហើយត្រូវធ្វើដំណើរបន្តតាមផ្លូវទឹក ដោយជិះកាណូត រយៈពេល១ម៉ោងទៀត។
• ចូលមហាវិទ្យាល័យអក្សរសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឪពុកយកមកផ្ញើផ្ទះម្តាយមីង នៅជិតគុកទួលស្លែង ដោយសារនៅក្មេង មិនស្គាល់ទីក្រុង។ រស់នៅបានប្រមាណ៥ខែ ក៏សុំមីង ចេញមកនៅវត្ត សរុបជិត៧ឆ្នាំ។ សម័យនោះ នៅជិះកង់នៅឡើយ ហើយមានកេះឈើ១ សម្រាប់ដាក់សៀវភៅ និងសម្លៀកបំពាក់។ សុំនិយាយរឿងនៅវត្តបន្តិចចុះ។ ដោយសារស្គាល់មនុស្សម្នាក់ (បច្ចុប្បន្នត្រូវជាសាច់ថ្លៃ សព្វថ្ងៃគេក្លាយជាគ្រូបង្រៀននៅឯស្រុកកំណើត) ក៏ធ្វើដំណើរមក វត្តនាគវ័ន្ត ស្នាក់នៅកុដិមួយក្បែរព្រះវិហារ ជាមួយគេបាន២យប់។ ដំបូងឡើយ ចេះតែឆ្ងល់ថា ម៉េចបានជាមានគេសំឡក់សំឡឹង ក៏ដាច់ចិត្តសួរសាច់ថ្លៃថា មានរឿងអ្វី? គេក៏ប្រាប់ខ្ញុំថា ក្មេងវត្តដូចគ្នា មកពីខេត្តព្រៃវែង មិនឱ្យខ្ញុំនៅក្នុងវត្តនេះទេ ដោយសារវត្តមានបាយតិច។ ខ្ញុំមិនតបទេ ម៉ោង៨:០០ព្រឹក ក៏រៀបចំឥវ៉ាន់ដាក់ក្នុងកេះឈើ ជិះកង់សំដៅមកវត្ត នន្ទមុន្នី ជាប់ប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ។ អង្គុយរង់ចាំមនុស្សម្នាក់ (បច្ចុប្បន្ន គេក្លាយជានាយករងវិទ្យាល័យ នៅស្រុកកំណើត) ដើម្បីឱ្យជួយសុំព្រះសង្ឃ និងគណៈកម្មការវត្ត បានរស់នៅក្នុងវត្តនន្ទមុន្នីនេះ។

ព្រះចៅអធិការវត្ត ក៏អនុញ្ញាត និងផ្តល់ដីឱ្យធ្វើតូបស្នាក់នៅ។ យើងខ្ញុំ ធ្វើបន្តពីមិត្តភក្តិ ទទឹង១ម៉ែត្រ២តឹក បណ្តោយប្រហែល២ម៉ែត្រកន្លះ ហើយស្នាក់នៅជុំគ្នា២នាក់។ ចំពោះកង់ចាក់សោរជាប់ជណ្តើរតូប។ ក្រោយមក ឪពុកឱ្យម៉ូតូចាស់១មកជិះ ហើយសន្សំលុយបានពីការបង្រៀនភាសាអង់គ្លេស ក៏ទិញបានម៉ូតូថ្មី។ នៅពេលនោះ ពិបាកជាងគេ គឺខ្វះទឹកស្អាតប្រើប្រាស់។ នៅវត្តនន្ទមុន្នី បាន១ឆ្នាំកន្លះ ក៏ប្តូរមករស់នៅវត្តបទុមវតី ក្បែរព្រះមរមរាជវាំង រយៈពេលប្រមាណ៥ឆ្នាំ។
• ការសិក្សានៅក្រៅប្រទេស៖ សុំមិនរៀបរាប់ទេ។ ការលំបាករបស់យើង គឺយើងពីកម្ពុជា ទៅរស់នៅប្រទេសដែលត្រូវចំណាយខ្ពស់ គ្មានអ្វីជាទីពឹង ហើយក៏គ្មានជម្រើសទៅទៀត។ អ្វីដែលយើងមាន គឺការតាំងចិត្តថា ទោះយ៉ាងណា ត្រូវតែប្តូរផ្តាច់ជាមួយការរៀនសូត្រ ឱ្យបានចប់ ហើយវិលមកប្រទេសជាតិវិញ។ ពេលនោះ យើងសន្សំសំចៃគ្រប់យ៉ាង កុំថាឡើយការចំណាយលើសម្លៀកបំពាក់ គឺយើងសន្សំសូម្បីតែគ្រាប់បាយ។ យើងខ្ញុំដាំបាយម្តង រក្សាទុកក្នុងទូរទឹកកក សម្រាប់ហូបឱ្យបាន៣ទៅ៤ថ្ងៃ។ នៅពេលមួយដែលយើងខ្ញុំចងចាំមិនភ្លេច គឺទាញកញ្ចប់បាយពីទូរក្លាសេ មកបំបែក សម្រាប់ដាក់ក្នុងម៉ាស៊ីនកម្តៅ មុននឹងហូប។ ពេលចុចបាយបំបែកពីគ្នា គ្រាប់បាយបែកខ្ចាយ ដូចយើងវាយបំបែកដុំទឹកកក។ គេថា មនុស្សកើតថ្ងៃអង្គារ ក្បាលរឹង ប៉ុន្តែពេលឃើញគ្រាប់បាយបែកខ្ចាយ ស្រាប់ទឹកភ្នែកស្រក់មកដោយមិនដឹងខ្លួន…៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print