ខេត្តកំពង់ធំ៖ រថយន្តកាមរីគូទហើម ក្រុមផ្ដាច់ព្រលឹង អ្នកបើកបរក្នុងស្ថានភាពស្រវឹងជោគជាំបានបុករូបសំណាកនាងទេពមច្ឆារហើយបន្តហោះបុកផ្ទះប្រជាពលរដ្ឋកាលពីវេលាទៀបភ្លឺម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកាមរីគូទហើម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-8922 បានបើកបុករូបសំណាកនាងទេពមច្ឆារនិងផ្ទះប្រជាពលរដ្ឋឈ្មោះ អ៊ុយ អឿន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ មុយ អុក អាយុ៤០ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន បណ្ដាលឲ្យខូចខាតនៅផ្នែកខាងមុខរថយន្ត និងខ្ទេចខ្ទីផ្ទះជនរងគ្រោះ។ អ្នកបើកបរមានឈ្មោះ ហ៊ុន មានទីលំនៅភូមិ-សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរនិងសមត្ថកិច្ចត្រូវចាត់វិធានការទៅលើអ្នកបើកបរក្នុងស្ថានភាពស្រវឹងមិនគោរពច្បាប់ចរាចរណ៍និងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យប៉ះពាល់អ្នកដ៏ទៃ។
នេះសំណាងល្អដោយមិនបានបង្ករងគ្រោះដល់ប្រជាពលរដ្ឋដោយសារល្បឿនរថយន្តត្រូវបានថយចុះបន្ទាប់ពីបុករូបសំណាកនិងផ្ទះ កុំអីគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់អាយុជិវិតជនរងគ្រោះ៕
ដោយ៖ សុខខេមរា