រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគាំទ្រសមាគមកាបូប,ស្បែកជើង និងអេឡិចត្រូនិចកម្ពុជាចូលជាសមាជិកគណៈកម្មការ​គម្រោង​រោងចក្រ​កាន់តែប្រសើរនៅកម្ពុជា ILO-BFC

ចែករំលែក៖

ភ្នំពេញ៖ លោកអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈគាំទ្រសមាគមស្បែកជើងកាបូបនិងអេឡិចត្រូនិចកម្ពុជាចូលជាសមាជិកគណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ប៉ុន្តែត្រូវចូលរួមវិភាគទានដើម្បីទ្រទ្រង់ដំណើរការនេះ។

សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានស្នើសុំលោករដ្ឋមន្ត្រី​ក្រសួងការងារ ​និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីចូលជាសមាជិករបស់​គណៈកម្ម ការ​គម្រោង​រោងចក្រ​កាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួន​ស្របតាម​ចក្ខុ វិស័យ​របស់សមាគម។

ក្នុងជំនួបការងារ រវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៥ តុលា​ ឆ្នាំ២០២២កន្លងទៅ ​នៅទីស្តីការក្រសួង លោក Cheng Chin Chun ប្រធាន​សមាគមកាបូប ​ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា​ បានលើកឡើងថា​ សមាគមរបស់លោក បានចុះបញ្ជីកាទទួលស្គាល់​ដោយក្រសួងការងារ ​កាលពីខែសីហាកន្លងទៅ ក្នុងគោលបំណង​រួម​ចំណែក​ធ្វើឲ្យមាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ​និងចូលរួម​ចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ​ទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេស​កម្ពុជាឲ្យ​បានកាន់តែច្រើនបន្ថែមទៀត ​ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជា ព្រមទាំង​ចូលរួម​គោរព​ច្បាប់ ​លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។

លោករដ្ឋមន្រ្តី បានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគ បង្កើត រោងចក្រសហគ្រាស​នៅ​ក្នុងប្រទេសកម្ពុជា ​ផ្តល់ឱកាសការងារបានយ៉ាងច្រើនជូន​ដល់កម្មករនិយោជិត ក្នុងការចូលរួម​ចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។

ពាក់ព័ន្ធនិងសំណើរភាគីសមាគមលោករដ្ឋមន្ត្រី លើកឡើងថា បើតាមការគោលការណ៍ណែនាំ​រួម​របស់ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រ​សហគ្រាស ​ផលិតផលស្បែកជើង ​និងកាបូប ​មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួម​បង់​ភាគទាន​ទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពី
អធិការកិច្ចរបស់​គម្រោង​រោងចក្រកាន់តែប្រសើរនៅកម្ពុជា ​និងក្រុមអធិការកិច្ចរបស់ក្រសួង។ ចំណែកអត្ថប្រយោជន៍​ដែល​សមាជិករបស់គម្រោងទទួលបាន ​គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រ សហគ្រាស​របស់ខ្លួន​ពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា​ អាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា​ គឺរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាព​នយោបាយ ដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ​សន្តិភាព និងការអភិវឌ្ឍ ជាបំណង​ប្រាថ្នារបស់មនុស្សគ្រប់ៗរូប​ បើគ្មានសន្តិភាព​ អស្ថេរភាពនយោបាយ ​នោះអ្នកវិនិយោគ គេក៏មិនហ៊ាន​ចូលមកវិនិយោគនៅក្នុងប្រទេសដែលពោរពេញដោយសង្រ្គាមនោះដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print