ខេត្តកំពង់ឆ្នាំង៖ លោកវរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ជូនដល់នាយ-ពលទាហាន។
លោកមេបញ្ជាការរង បានផ្សព្វផ្សាយអំពីបទបញ្ញត្តិទាំង១០ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យយោធិនទាំងអស់បានជ្រួតជ្រាបនិងអនុវត្តឲ្យខានតែបាន ។ លោកមេបញ្ជាការរង ក៏បានផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗទាំងជាតិ និងអន្តរជាតិ ជាពិសេសសភាពការណ៍ទឹកជំនន់ក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន និងបានលើកឡើងថាក្នុងនាមយើងជាកងទ័ពត្រូវត្រៀមខ្លួនជានិច្ចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ នៅគ្រប់ទីកន្លែង ។
លោក បានបញ្ជាក់ថា ការផ្សព្វផ្សាយនេះគឺសំដៅឱ្យនាយ-ពលទាហាន ទាំងអស់យល់ច្បាស់អំពីតួនាទីភារកិច្ច ការអនុវត្តឲ្យបាននូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។
លោកមេបញ្ជាការរង បានក្រើនរំលឹកដល់ នាយ-ពលទាហាន ទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងត្រូវបន្តអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ៖សហការី