ខេត្តស្វាយរៀង: យ៉ាងហោចណាស់ម៉ូតូហុងដាឌ្រីមសេ១២៥ ចំនួន ២ គ្រឿងត្រូវបានក្រុមជនសង្ស័យចាក់សោរទ្វារបងចូលលួចទាំងកណ្ដាលអធ្រាត្រនិងបានបំពុលសត្វឆ្កែងាប់ជាច្រើនក្បាលនិងដែលគេស្គាល់ថាជាផ្ទះបន្ទប់ពិគ្រោះនិងព្យាបាលជំងឺសុខសាន្ត នៅឃុំក្រោលគោផ្អើលអ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានទាំងព្រឹក។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២ ស្ថិតនៅផ្ទះបន្ទប់ពិគ្រោះនិងព្យាបាលជំងឺសុខសាន្តស្ថិតក្នុងភូមិព្រៃខ្លា ឃុំក្រោលគោស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាម លោក សោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងនារសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២២ ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ អ៊ុង សុមេធ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ គ្រួពេទ្យ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកសំភារៈដែលបាត់បង់រួមមានម៉ូតូចំនូន ២ គ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង១J-៤៤៩៤និងម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៥ពាក់ស្លាកលេខ ស្វាយរៀង១H-៤០១៨និងបានបំពុលសត្វឆ្កែងាប់ជាច្រើនក្បាលផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ខ្លួនក្រុមជនសង្ស័យមកផ្ដន្ទាទោសអោយខានតែបាន៕
ដោយ៖ សុថាន