ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៍មានពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ មានករណី “លួចទ្រព្យសម្បត្តិ” មួយបានកេីតឡេីងកាលពីវេលាម៉ោង ០៦ និង១៥នាទីព្រឹកថ្ងៃទី០៦ ខែតុលានេះ ដោយមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលទៅអាគារយីហោ” Thida Apartment” ខណៈដែលជនរងគ្រោះកំពុងគេងលង់លក់ ក៏បានធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃ Huawei 10Plus ពណ៍ខ្មៅចំនួន ០១គ្រឿង និងប្រាក់ចំនួន ៨០០ដុល្លារ រួចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះឈ្មោះ TANG WEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន អាសយដ្ឋានបច្ចុប្បន្នអាគារយី”Thida Apartment” (បន្ទប់លេខ ៥០៩) ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពដដែលបន្តថា ដោយមានការសុំឱ្យសមត្ថកិច្ចប្រចាំបញ្ហា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយអន្តរាគមន៍ ក្រោយកេីតហេតុនៅវេលាម៉ោង ០៨ និង៥៧នាទីព្រឹកថ្ងៃដដែល លោកអនុសេនីយ៍ឯក នូ កាន់វណ្ណា បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង បន្ទាប់ពីទទួលព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្វាយដង្គំ ចុះដល់ទីតាំងខាងលើ(មើលតាមកាមេរ៉ាសុវត្តិភាព) ពិតជាឃើញ សកម្មភាពជនសង្ស័យដើរចូលបន្ទប់យកទ្រព្យសម្បត្តិពិតមែន។
បច្ចុប្បន្នមន្រ្តីជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ នៅវេលាម៉ោង ១២ និង៤៦នាទីរសៀលថ្ងៃដដែលបានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ TANG WEI និងកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីដោះស្រាយតាមនីតិវិធី ៕ដោយ៖សហការី