ក្រោយពេលទទួលបានព័ត៌មានពីអង្គការសុខភាពពិភពលោក មន្ត្រីឥណ្ឌាបានបើកការស្រាវជ្រាវជាបន្ទាន់ដល់ក្រុមហ៊ុនផលិតថ្នាំព្យាបាលសេរ៉ូបំបាត់ក្អក ប៉ុន្តែមិនទាន់បានលើកឡើងពីករណីខាងលើនោះឡើយ ។
នៅពេលនេះឥណ្ឌាបានរង់ចាំភស្តុតាងពីអង្គការ WHO ពីការជាប់ពាក់ព័ន្ធរវាងសេរ៉ូក្អករបស់ឥណ្ឌា នឹងការស្លាប់កុមាររាប់សិបនាក់នៅ Gambia ។ មន្ត្រីសុខាភិបាលរបស់ WHO បានបញ្ជាក់ថា ប្រភេទថ្នាំនោះអាចបណ្តាលឱ្យខូចតម្រងនោម។
ប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ផលិតផលសេរ៉ូបំបាត់ក្អកនិងផ្តាសាយទាំង៤ប្រភេទខាងលើ ដែលរួមមាន Promethazine Oral Solution , Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup គឺប្រហែលមានជាប់ទាក់ទងនឹងករណីជំងឺតម្រងនោមស្រួចស្រាវ ព្រមទាំងការស្លាប់ចំនួន៦៦នាក់ក្នុងចំណោមកុមារនៅប្រទេសហ្កំប៊ី ( Gambia )។
បើតាមលោក ថេដ្រូស អង្គការសុខភាពពិភពលោកកំពុងធ្វើការស៉ើបអង្កេតស៉ីជម្រៅបន្ថែមជាមួយក្រុមហ៊ុនឱសថ ម៉ៃដិន ផ្ទាល់ ព្រមទាំងអាជ្ញាធរនិយតកម្មផ្នែកសុខាភិបាលរបស់ឥណ្ឌា។ ទន្ទឹមគ្នា នោះWHO ថែមទាំងបានព្រមានថា ផលិតផលថ្នាំសេរ៉ូទាំងអស់នេះ ក៏អាចត្រូវបានចែកចាយនៅក្រៅប្រទេសហ្កំប៊ី ផងដែរ៕ ដោយធីរីណា
រូបថត : Vietnamplus