ភ្នំពេញ : នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានទទួលនូវពាក្យបណ្តឹង ជាមួយឯកសារ និងសំឡេងជាច្រើន ដែលមន្ត្រីគ្រប់ជាន់ថ្នាក់ បានប្តឹង លោកប្រធានមន្ទីរប្រព្រឹត្តអំពើពុករលួយ តែលទ្ធផល ដំណោះស្រាយតាមនីតិវិធីពីស្ថាប័ន ពាក់ព័ន្ធ មិនទាន់ផ្តល់យុត្តិធម៌ ដល់មន្ត្រីនៅឡើយ។
សូមបញ្ជាក់ថា, មន្រ្តីរាជការនៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងមានតួនាទីចាប់ពីថ្នាក់អនុប្រធានមន្ទីរ ចំនួន ០២ រូប, ប្រធានការិយាល័យទាំង ៦ រូប, រួមជាមួយអនុប្រធានការិយាល័យ និងមន្រ្តីមួយចំនួនទៀត បានផ្តឹតមេដៃស្នើសុំអោយ អង្គភាពប្រឆាំងអំពើរពុករលួយ , ក្រសួងទេសចរណ៍ ,និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីស្នើសុំជួយពិនិត្យ និងដោះស្រាយបញ្ហាការប្រព្រឹត្តអំពើពុករលួយរបស់ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត ចាប់តាំងពីខែ មេសា ឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ននៅមិនទាន់មានដំណោះស្រាយនៅឡើយ ។
មន្ត្រីបានបន្តថា, (សូមបញ្ជាក់ថា លោក ប្រធានមន្ទីររូបនេះ ត្រូវបាន មន្រ្តីក្រោមឱវ៉ាទប្តីងជាលើកទី៣ហើយកាលពីឆ្នាំ២០១៨មក តែមិនអាចធ្វើអ្វីលោកបានទេ )។
មន្ត្រីលើកឡើងថា, លោក អ៊ន់ ប៉ោសឿន ដែលបានឡើងកាន់មុខតំណែងជាប្រធានមន្ទីរអស់រយៈពេលជាង ៨ ឆ្នាំកន្លងមកនេះ លោកប្រធានមន្ទីររូបនេះបានប្រព្រឹត្តអំពើពុករលួយជាហូរហែដោយមិនមានខ្លាចក្រែងអ្នកណាឡើង ដោយប្រើប្រាស់ថវិការបស់អង្គភាពមិនចំគោលដៅ និងប្រើសិទ្ធិអំណាចផ្តាច់ការលើមន្រ្តីក្រោមឱវាទរបស់ខ្លួនដោយគ្មានស្តាប់មតិយោបល់ចូលរួមរបស់មន្ត្រីណាឡើយ ។ សកម្មភាពប្រព្រឹត្តអំពើពុករលួយ និងភាពមិនប្រក្រតីរបស់ លោក អ៊ន់ ប៉ោសឿន ដូចខាងក្រោម៖
១- លោក អ៊ន់ ប៉ោសឿន តែងតែខ្ចីលុយគេយកមកប្រើប្រាស់ រួចដកយកថវិកាអង្គភាពទៅសងលុយជំនួសទាំងដើមទាំងការប្រាក់ ដោយលើកហេតុផលថា, ថវិកាទាំងនោះយកមកប្រើប្រាស់ចរន្តការងារក្នុងអង្គភាព តែតាមការពិតលោកយកមកចំណាយសម្រាប់ការងារផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ មានឯកសារយោងដូចជា ឯកសារខ្ចីលុយពីខាងក្រៅ ឯកសារសងការប្រាក់ មានឯកសារកត់ត្រាចំណាយដែលលោកដកសងគេ និងលុយដើមរបស់គេ សារសំលេងម្ចាស់លុយទារលុយ និងមានឯកសារយោងជាច្រើនទៀត ) ។
២. លោក អ៊ន់ ប៉ោសឿន ប្រើប្រាស់ថវិកាជំនួសការិយាល័យជំនាញ ។ ចំពោះការិយាល័យជំនាញ ក្នុងមន្ទីរទាំងអស់មិនដែលបានធ្វើការចំណាយលើសកម្មភាពការងាររបស់ខ្លួននោះទេ ។
៣. លោក អ៊ន់ ប៉ោសឿន តែងតែកាត់ប្រាក់បៀវត្សមន្ត្រីកិច្ចសន្យារៀងរាល់ឆ្នាំ និងកាត់ប្រាក់បេសកកម្មមន្រ្តី ដោយលើកហេតុផលថាយកមកជួយបក្ស ។ មានឯកសារយោងដូចជា ( មានឯកសារយោងកាត់លុយមន្រ្តី មានឯកសារផ្ទេប្រាក់ចូលកុងលោកប្រធានមន្ទីរ និងសារសំលេងកាត់លុយមន្រ្តី ) ។
៤- លោក អ៊ន់ ប៉ោសឿន តែងតែងលួងលោម និងបង្ខិតបង្ខំឲ្យមន្ត្រីមួយចំនួនខ្ចីប្រាក់បៀវត្សរបស់ខ្លួនឯងពីធនាគារកាណាឌីយ៉ា ដើម្បីឲ្យលោកខ្ចី។ (មានឯកសារតាមប្រព័ន្ធ តេឡេក្រាម មានឯកសារកត់ត្រារបស់លោកប្រធាបមន្ទីរ និងមានសារសំលេងរបស់មន្រ្តី) ។
៥-លោក អ៊ន់ ប៉ោសឿន បានប្រើប្រាស់ទីតាំងមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែងរបស់រដ្ឋ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបានជួយទីតាំងអោយឯកជនរៀបចំកម្មវិធីផ្សេងៗ ដោយប្រើប្រាស់ទឹក និងភ្លើងរបស់អង្គភាព ក្នុង១ខែ ជាង ២លានរៀល ហើយមិនដែលបានបង្វែរសាច់ប្រាក់ដែលជួលបានចូលមកអង្គភាពវិញទេ ។ មានរូបភាពធ្វើអាជីវកម្មផ្សេងៗ មានវិក័យបត្រជួល និងមានវិក័យបត្រប្រើប្រាស់ទឹកភ្លើង ( បញ្ជាក់ កុងទ័រភ្លើងមានចំនួន ៣ កុងទ័រ ទើបប្រើប្រាស់គ្រាន់ ) ។
៨. លោក អ៊ន់ ប៉ោសឿន បានប្រើប្រាស់ប្រេងរបស់អង្គភាពតែម្នាក់ឯង លើសកម្មភាពការងារផ្ទាស់ខ្លួន និងបានប្រើប្រាស់ប្រេងត្រួតស៊ីគ្នាជាមួយបេសកម្ម មានន័យថាពេលលោកមានបេសកកម្មគឺបានទាំងលុយប្រេង និងបានទាំងសោហ៊ុយដឹកជញ្ជូនបន្ថែមទៀត ( មានឯកសារវិក័យបត្រចាក់ប្រេង និងឯកសារទូទាត់សោហ៊ុយដឹកជញ្ជូន ។ ចំពោះថវិកាប្រេងរបស់អង្គភាពក្នុង១ឆ្នាំចាប់ពី ២០ ទៅជាង ៣០លានរៀល តែបែរជាអង្គភាពប្រើប្រាស់មិនគ្រប់ ហើយថែមទាំងជំពាក់គេក្នុង ១ឆ្នាំ ជិត ២០លានរៀល បន្ថែមទៀត ( បញ្ជាក់រថយន្តអង្គភាពមានតែ ១គ្រឿង តែមានវិក័យបត្រចាក់ប្រេងខ្លះ ចាក់ម្តងជិត ៣០០ លីត្រក៏មានដែរ ។
ពាក់ព័ន្ធករណីមន្ត្រីលើកឡើងខាងលើ ជុំវិញអំពីពុករលួយ របស់ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា, ខ្ញុំទទួលស្គាល់រាល់កំហុសឆ្លងខ្លះចំពោះការដឹកនាំតែងតែកើតមាន ជៀសមិនផុត គ្រាន់តែជារឿងតូចតាច ។ លោកបន្តថា, ជាធម្មតាទេ បើអង្គភាពគ្មានប្រាក់ ត្រូវតែខ្លីគេយកមកប្រើប្រាស់ តាមតម្រូវការការក្នុងមន្ទីរសិនហើយ ។ លោកលើកឡើងថា, ឧទាហរណ៍ឡានខូចជួសជុលម្តងជិត ១០០០ដុល្លារ តើខ្ញុំមានលុយពីណា បើមិនខ្ចីគេយកអោយជាង ! ម្យ៉ាងទៀតក្រសួងគ្មានខ្ទង់ប្រាក់ដើម្បីអោយមន្ទីរសម្រាប់ជួសជុលអង្គភាព ដូច្នេះមានតែខ្ចីលុយគេសិន។
ចំពោះបញ្ហាដែលមន្ត្រីបានប្តឹងទៅស្ថាប័នពាក់ព័ន្ធ លោក អ៊ន់ ប៉ោសឿន បានធ្វើការបកស្រាយថា, រឿងនេះខ្ញុំបានទៅបំភ្លឺ បកស្រាយជូនខេត្តហើយ ទាំងការគ្រប់គ្រង ចំណាយ និងធ្វើការអប់រំ ពន្យល់ផ្ទៃក្នុង ដល់មន្ត្រីក្នុងអង្គភាព។ ដោយឡែកខាងក្រសួងទេសចរណ៍ ខ្ញុំបានទៅបកស្រាយ និងធ្វើរបាយការណ៍ជូនអស់ហើយ។ ចំពោះអង្គភាពប្រឆាំងអំពីពុករលួយ ខ្ញុំក៏បានធ្វើលិខិតបំភ្លឺអស់ហើយដែរ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបន្តថា, កំហុសតិចតួច គួរណាស់អនុគ្រោះគ្នា មិនត្រូវប្តឹង ឬឈ្លោះគ្នាទេ លោកសង្ឃឹមថា, អាចសម្រួលផ្ទៃក្នុងអោយបានល្អ ដើម្បីអោយអង្គភាពរីកចម្រើន។
សូមបញ្ជាក់ថា, ករណីអំពើពុករលួយ របស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង មិនមែនជារឿងធម្មតា គឺមានឯកសារ មិនប្រក្រតី ជាច្រើន ដែលលោកបានចំណាយ ខុសគោលដៅ លិខិតខ្ចីប្រាក់យកឈ្មោះមន្ទីរទៅប្រើ សុទ្ធតែជា អំពើខុសឆ្គង ដែកថ្នាក់លើមានវិធានការតាមផ្លូវច្បាប់ ៕
ដោយ : មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”