ខេត្តបាត់ដំបង : នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ យោងតាមការណែនាំរបស់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បី បានធ្វើការណែនាំដល់ក្រុមការងារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ខេត្តបាត់ដំបង ដើម្បីរៀបចំរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ធ្វើការចុះពិនិត្យចំណី ម្ហូបអាហារតាមតូបលក់ទំនិញនានា ក្នុងឱកាសពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ។
ក្នុងនោះដែរក្រុមការងារ ក.ប.ប បានធ្វើការត្រួតពិនិត្យមើលណែមសាច់ត្រី គ្រឿងសមុទ្រ សរសៃគុយទាវ (ទាំងសរសៃតូច និងសរសៃធំ) មី ប្រហិតចម្រុះ ចំនួន១៩គំរូ ជាលទ្ធផលគឺពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ ។
លោក សុខ លូ បានមានប្រសាសន៍ថា គោលបំណងនៃការចុះត្រួតពិនិត្យចំណី ម្ហូបអាហារនៅតាមស្ដង់លក់ទំនិញ ដែលធ្វើការលក់នាឱកាសបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង នាពេលនេះ គឺដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត ក្នុងការពិសារដោយមិនមានការព្រួយបារម្ភពីសារធាតុគីមី ឬពុលដែលមាននៅក្នុងចំណីអាហារឡើយ ៕
ដោយ : សិលា