ខេត្តព្រះសីហនុ៖ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ (ការគិតគូទ្បើងវិញពីទេសចរណ៍) អមជាមួយយុទ្ធនាការប្រទ្បងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាត ឆ្ពោះទៅរកការរៀបចំបុណ្យសមុទ្រនាចុងឆ្នាំ២០២២ ស្ថិតនៅអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត និងក្រុមហ៊ុនប្រមូលសំរាម កាលពីព្រឹកថ្ងៃចន្ទ ទី១០ ខែតុលាឆ្នាំ២០២២នេះ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹង ថារាជរដ្ឋាភិបាលបានរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកនៅថ្ងៃទី២៧ ខែកញ្ញា ហើយព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ បានប្រារព្ធទិវាពិភពលោកឆ្នាំ២០២២នេះ ក្រោមប្រធានបទ “ការស្តាឡើងវិញនៃវិស័យទេសចរណ៍” ហើយសកម្មភាពថ្ងៃនេះ ជាយុទ្ធនាការសំអាតអនាម័យ បរិស្ថាន និងជាការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាត បន្ទប់ទឹកស្អាត ដើម្បីឆ្ពោះទៅចូលរួមការរៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត ជាងគេលើពិភពលោកនៅចុងឆ្នាំ២០២២ និងមានព្រឹត្តការណ៍អន្តរជាតិផ្សេងៗទៀត។ ទិវាទេសចរណ៍ពិភពលោក ក្នុងគោលបំណងសំខាន់ គឺធ្វើយ៉ាងណារួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ ផ្តោតសំខាន់ការសហការជាមួយស្ថាប័នអន្តរជាតិ ស្ថាប័នជាតិ វិស័យឯកជនរៀបចំអភិវឌ្ឍគោលដៅទេសចរណ៍ឱ្យមានផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ប្រកបដោយសម្បុរបែប និងគុណភាព មានសណ្តាប់ធ្នាប់ សុវត្ថិភាព មានការចូលរួមអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យគោលដៅទេសចរណ៍ខេត្តព្រះសីហនុ មានផលិតផល ការទាក់ទាញទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តមកខេត្តព្រះសីហនុ ឱ្យពួកគាត់មានភាពសប្បាយរីករាយ។ ការងារទាំងអស់នេះទទួលបានជោគជ័យ គឺត្រូវមាន ការចូលរួមពីវិស័យឯកជន ការរក្សាតម្លៃសេវាកម្ម ការវិនិយោគបន្ថែមជាច្រើនទៀតក្រៅពីឆ្នេរ កោះ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបកាលានុវត្តភាពក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងវិវត្តកាន់តែប្រសើរជាងមុន ជាធាតុចូលដ៏សំខាន់ក្នុងការគិតគូរធ្វើការអភិវឌ្ឍន៍ និងកែទម្រង់ស៊ីជម្រៅចំពោះអនាគតវិស័យទេសចរណ៍សម្រាប់យើងទាំងអស់គ្នា។ ជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិតច្នៃប្រឌិត និងកាលាអនុវត្តភាព ព្រមទាំងជំរុញផ្សព្វ ផ្សាយតាមគ្រប់រូបភាព។ ជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីចង្វាក់រួមគ្នា ដោយ ឈរលើអភិក្រម។
តាមគោលដៅទេសចរណ៍ ត្រូវពិនិត្យរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ ហើយគ្រប់ភាគីពាក់ព័ន្ធរដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឱ្យអាជីវកម្មទេសចរណ៍គ្រប់កម្រិតទាំងខ្នាតតូច ខ្នាតមធ្យមមានការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ និងបង្កើនភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន។ ជំរុញការអភិវឌ្ឍឌីជីថលរូប នីយកម្មនៅក្នុងដំណើរការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពធន់ប្រកបដោយចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង។ ការកសាងសេដ្ឋកិច្ចសង្គមឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចបៃតងនៅកម្ពុជា។
ការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ដែលបានប្រែប្រួលលើទិដ្ឋភាពនៃទីផ្សារការងារសម្រាប់បុគ្គលិក ដោយតម្រូវឱ្យអ្នកជំនាញទេសចរណ៍ដែលមានចំណេះដឹង ពង្រឹងការបណ្ដុះបណ្ដាល និងតម្រង់ទិសទាំងការពង្រឹងជំនាញដែលមានស្រាប់។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន (ASEAN) អេកមិច (ACMECS) CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក និងសហគមន៍ទេសចរណ៍អន្តរជាតិផ្សេងទៀត ដើម្បីទ្រទ្រង់ដល់ការជំរុញលំហូរទេសចរណ៍អន្តរជាតិមកកម្ពុជាកាន់តែច្រើន៕ ដោយ៖សហការី