ខេត្តកណ្តាល ; បន្ទាប់ពីបានឃេីញព័ត៌មានតាមបណ្តាញសង្គមភ្លាមៗ និងមានក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក ជូនដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ និងកំព្រាឪពុកម្តាយ ១គ្រួសារ គឺ លោក វុទ្ធ ឧស្សា អាយុ ៣៣ឆ្នាំ ជាកម្មករសំណង់ ដែលរងគ្រោះដោយខ្សែភ្លេីងឆក់ធ្ងន់ធ្ងរពេលស៊ីឈ្នួលឱ្យគេ បណ្តាលឱ្យដាច់ដៃទាំងសងខាង និងរបួសជេីងដេីរពុំរួច ពឹងផ្អែកលេីភរិយាឈ្មោះ គីម សុភ័ន (សុខ ស្រីភ័ណ) អាយុ ២៩ឆ្នាំ ជាអ្នកមេីលថែទាំ រួមជាមួយកូនតូចៗ២នាក់ទៀតក្នុងបន្ទុក រស់នៅផ្ទះជាមួយម្តាយមីង ស្ថិតនៅភូមិរកាលេី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។ លោកស្រី បានបញ្ជាក់ថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ សម្តេច បានសម្តែងនូវក្តីអាណិតអាសូរ ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀតដេីម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»។ ជាមួយគ្នានេះ លោកស្រី ក៏បានផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យស្អាត និងបន្តព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បេីយ ជាពិសេសត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រដេីម្បីអនាគតរុងរឿង។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានថ្លែងអំណរគុណដល់ ម្តាយមីងរបស់ក្មួយៗ ដែលបានផ្តល់ជម្រកសម្រាប់ស្នាក់អាស្រ័យដល់គ្រួសារខាងលេីនេះផងដែរ។
ជាកិច្ចឆ្លេីយតប ក្រុមគ្រួសារខាងលេី បានសម្តែងនូវក្តីរំភើបក្តុកក្តួល ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក និងថវិកាសម្រាប់សាងសង់តូបលក់ឥវ៉ាន់បង្កេីតមុខរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត៕
ដោយ : សហការី